ដេប៉ូឈើក្រាំងដូងព្រះវិហារបើកវិញហើយ តើមានអ្នកធំរូបណា នៅក្នុងខេត្តព្រះវិហារ កំពុងតែប្រព្រឹត្តអំពើពុករលួយ និងនៅពីក្រោយដេប៉ូឈើក្រាំងដូងនេះ
ខេត្តព្រះវិហារ៖ រឿងដេប៉ូឈើនៅត្រង់ចំណុចអូរទីទុយ ស្ថិតក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ប្រជាពលរដ្ឋបានបញ្ជាក់ថា កាលពីមុនឈ្មួញឈើម្ចាស់ដេប៉ូឈ្មោះ ឡេង ធារ៉ា តែក្រោយពីបណ្តាញសារព័ត៌មានចុះផ្សាយជាបន្តបន្ទាប់ ដេប៉ូឈើខាងលើត្រូវបានបិទមួយរយៈតូចហើយបានបើកធ្វើសកម្មភាពសាជាថ្មីឡើងវិញ ក៏លេចចេញមានថៅកែថ្មីឈ្មោះ សិច គេអះអាងថា គ្រាន់តែឈរឈ្មោះឲ្យសាច់ញាតិអ្នកធំម្នាក់ក្នុងខេត្តព្រះវិហារ។
បើតាមប្រជាពលរដ្ឋនិយាយថា មន្ត្រីបរិស្ថានមានស្នាក់ការចំនួនពីរ គឺស្នាក់ការនៅភូមិស្រែវាល និងភូមិភ្ញាក់រលឹក ក្នុងឃុំធ្មា ស្រុកជ័យសែន ក្រោមការគ្រប់គ្រងរបស់លោក ជឹម វិឆយ នាយកដែនជម្រក ការពារសត្វព្រៃ ព្រៃឡង់ ក្នុងខេត្តព្រះវិហារពួកគាត់ចាប់បង្ក្រាបបានតែប្រជាពលរដ្ឋរកស៊ីតូចតាចជាលក្ខណៈគ្រួសារ និងអ្នកដែលមិនបានបង់លុយឲ្យតែប៉ុណ្ណោះ ដោយឈ្មួញឈើធំៗវិញ គឺរកស៊ីយ៉ាងគគ្រឹកគគ្រេងបានដោយរលូន។
ប្រភពរាយការណ៍ និងរិះគន់ចំៗមកថា ការពិតអាជីវកម្មរកស៊ីឈើ របស់ក្រុមឈ្មួញនោះ គឺមិនស្របច្បាប់ទេ គឺវត្ថុធាតុដើម(ឈើ) សម្រាប់ផ្គត់ផ្គង់រោងសន្និធិលក់ចែកចាយផលអនុផលព្រៃឈើ(ជាទ្រងទ្រាយធំ) គឺបំផុសនិងដាក់លុយឱ្យប្រជាពលរដ្ឋចូលទៅកាប់អារឈើ និងដឹកឈើចេញពីតំបន់ព្រៃឡង់ និងព្រៃហាមឃាត់ផ្សេងៗទៀតដឹកតាមរយ:គោយន្តកន្ត្រៃ រួចបំបែកជារូបភាពតូចៗដាក់ផ្ញើតាមផ្ទះរបស់ប្រជាពលរដ្ឋ ដោយកន្លែងខ្លះមាន១ម៉ែត្រគូប ឬ២ ទៅ៣ម៉ែត្រគូប ស្ថិតនៅក្នុងភូមិភ្ញាក់រលឹក និងភូមិស្រែវាល ក្នុងឃុំធ្មា ស្រុកជ័យសែន និងប្រមូលដឹកតាមរយៈរថយន្តសាំយ៉ុង និងកែឆ្នៃកាត់គូទ ប្រមាណជាង១០ គ្រឿង ជារៀងរាល់ថ្ងៃ ជាពិសេសដឹកចេញនៅយប់ៗ ហើយបន្តឡើងរថយន្តធំៗនៅម្ដុំឃ្លាំងឬដេប៉ូឈើនៅត្រង់ចំណុចអូរទីទុយ ស្ថិតក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ និងដឹកចេញទៅលក់នៅខេត្តកំពង់ធំ ឬដឹកចេញទៅលក់នៅតាមបណ្តាខេត្តនានាមួយចំនួនទៀតផងដែរ។
ប្រជាពលរដ្ឋមួយចំនួន នៅភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រវិហារ បានធ្វើការរិះគន់ទៅនឹង មេឈ្មួញរកស៊ីឈើឈ្មោះ សិច និងឈ្មួញឈើច្រើននាក់ទៀត ដែលឈ្មួញធំគឺជាសាច់ញាតិរបស់អ្នកធំខេត្តព្រះវិហារ កំពុងបង្កើនសកម្មភាពកាប់ឈើ និងដឹកចេញ ពីតំបន់ព្រៃឡង់ និងព្រៃហាមឃាត់ជាច្រើនទៀត ឆ្ពោះទៅកាន់ដេប៉ូឈើក្រាំងដូង ដែលគេស្គាល់ម្ចាស់ដេប៉ូគឺអ្នកធំនៅក្នុងខេត្តព្រះវិហារនិងមួយចំនួនទៀតដឹកឆ្លងកាត់ស្រុករវាងឆ្ពោះទៅកាន់ខេត្តកំពង់ធំដោយរលូន។
ភាពអវិជ្ជមាន នឹងភាពមិនប្រក្រតីជាច្រើនដែលកំពុងតែល្បី កក្រើកដល់មជ្ឈដ្ឋានប្រជាពលរដ្ធ នឹងមន្ត្រីរាជការ ក្នុងខេត្តព្រះវិហា រិះគន់ថាបទល្មើសព្រៃឈើនោះការពិតគឺកំពុងជ្រកនៅក្រោមឡេះអាជីវកម្មស្របច្បាប់យ៉ាងពិតប្រាកដ។ ដែលប្រជាពលរដ្ឋមានការងឿងឆ្ងល់ថា ដេប៉ូឈើស្របច្បាប់ហ្នឹង តើពួកគេបានឈើមកពីដីសម្បទានក្រុមហ៊ុនណាមួយ ក្នុងខេត្តព្រះវិហារដើម្បីផ្គត់ផ្គង់។ តើក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាត ឬអនុញ្ញាតឱ្យឈ្មួញឈើរូបណា?
បន្តបង្កើតរោងសន្និធិលក់ចែកចាយ ផលអនុផលព្រៃឈើ (តាមច្រកចេញចូលតែមួយ) ពិតមែនឬទេ.?
តើវត្ថុធាតុដើម(ឈើ)សម្រាប់ផ្គត់ផ្គង់រោងសន្និធិ លក់ចែកចាយផងអនុផលព្រៃឈើ (ច្រកចេញចូលតែមួយ) មានប្រភព(ឈើអារ) របស់ក្រុមហ៊ុនណា.?
តើមានឈើចម្រុះប្រភេទដែលបានមកពីការពិគ្រោះដេញថ្លៃ លក់វត្ថុតាងបទល្មើសផលអនុផលព្រៃឈើ របស់អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្ស ធនធានធម្មជាតិនៃក្រសួងបរិស្ថាន ឬប្រភពឈើស្របច្បាប់កន្លែងណា.? ។
ប្រភពពីប្រជាពលរដ្ឋ អះអាងថា តាមការពិតប្រភពឈើដែលពួកគេ កំពុងចរាចរណ៍លក់ធ្វើអាជីវកម្មជារៀងរាល់ថ្ងៃនោះ គឺជាឈើអនាធិបតេយ្យដែលប្រមូល ចេញពីឈើអារ រណាយន្ត ដឹកតាមរយ: គោយន្តកន្ត្រៃ រថយន្តសាំយ៉ុង និងរថយន្តកែឆ្នៃផ្សេងៗ ជាប្រចាំ ដែលកាប់បំផ្លាញព្រៃឡង់ និងព្រៃឈើនៅតំបន់ហាមឃាត់ផ្សេងៗជាច្រើនទៀត ក្នុងខេត្តព្រះវិហារតែប៉ុណ្ណោះ៕
អង្គភាពសារព័ត៌មាន ហង្សតូច ស្នើសុំឲ្យមានការបកស្រាយពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារ សារព័ត៌មានយើងស្វាគមន៍រង់ចាំទទួលការបកស្រាយនៅរៀងរាល់ម៉ោងធ្វើការ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាន។