សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ចិនចំនួន២លានដូសបន្ថែមទៀត

ភ្នំពេញ÷នៅព្រឹកថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនចំនួន ២លានដូសបន្ថែមទៀត
នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។

នៅក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) បានអបអរសាទរចំពោះកម្ពុជាដែលសម្រេចបានភាពជោគជ័យក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអះអាងក្នុងនាមរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនយ៉ាងដូច្នេះថា ដរាបណាប្រទេសកម្ពុជាមិនទាន់អស់មេរោគ និងជំងឺកូវីដ-១៩ទេនោះ រដ្ឋាភិបាលចិនក៏មិនបញ្ឈប់ការផ្គត់ផ្គង់ជំនួយវ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ជូនមកកម្ពុជាដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលបានផ្តល់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ (Sinovac) ចំនួន២លានដូសនៅពេលនេះ។ ក្នុងរយៈពេលជិត២ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកការចាក់វ៉ាក់សាំងជាវិធានការគន្លឹះ បន្ថែមលើវិធានការសំខាន់ៗដទៃទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ការពារសុខភាពសាធារណៈ និងជួយសង្រ្គោះអាយុជីវិតប្រជាជន។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មិត្តចិនបានផ្តល់ជំនួយ និងសម្របសម្រួលក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបចំនួន ៣៦,៨០០,០០០ដូស ដោយក្នុងនោះកម្ពុជាទទួលបានវ៉ាក់សាំងជំនួយ ៨លាន ៣សែនដូស។ ជំនួយវ៉ាក់សាំងបន្ថែម២លានដូលនៅថ្ងៃនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងដូសជំរុញ ជូនដល់ប្រជាពលរដ្ឋទូទៅ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ និងចាក់វ៉ាក់សាំងដូសមូលដ្ឋានជូនដល់កុមារអាយុ៥ឆ្នាំ ក្នុងក្របខណ្ឌទូទាំងប្រទេស។

នៅថ្ងៃនេះផងដែរ សម្ដេចតេជោបានស្នើតាមរយៈឯកអគ្គរដ្ឋទូតចិននៅកម្ពុជា ទៅកាន់ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន និងនាយករដ្ឋមន្រ្តីចិន ដើម្បីជំរុញឱ្យមានរោងចក្រសម្រាប់ផលិតវ៉ាក់សាំងចិននៅប្រទេសកម្ពុជាផងដែរនៅពេលខាងមុខ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ធ្វើដូច្នេះកម្ពុជាមានលទ្ធភាពដើម្បីទិញវ៉ាក់សាំងដែលផលិតនៅក្នុងរោងចក្រដែលផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីចាក់នៅក្នុងប្រទេសខ្លួនឯងផង ហើយកម្ពុជាក៏មានលទ្ធភាពដើម្បីចែកចាយវ៉ាក់សាំងនេះទៅកាន់ប្រទេសដទៃ តាមរយៈនៃការបញ្ជាទិញរបស់ប្រទេសដទៃផងដែរ។ សម្ដេចតេជោសង្ឃឹមថា ឯកអគ្គរដ្ឋទូតចិន នឹងបញ្ជូនសំណើរបស់សម្តេចទៅកាន់ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង និង ឯកឧត្តមនាយករដ្ឋមន្រ្តី លី ខឺឈាង ក៏ដូចជាផ្នែកពាក់ព័ន្ធដទៃទៀតឱ្យបានឆាប់រហ័ស ដើម្បីបើកឱ្យមានការផលិតវ៉ាក់សាំង នៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ក៏បន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូមប្រញាប់បន្តទៅចាក់វ៉ាក់សាំងអោយគ្រប់ចំនួនដូសទាំងអស់គ្នា និងបានជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន ជៀសផុតពីជម្ងឺកូវីដ-១៩ ទាំងអស់គ្នា៕