បញ្ជូនថៅកែ​ទិញ​-​លក់​រថយន្ត ម្នាក់ទៅ​តុលាការ ពាក់ព័ន្ធ​ប្រើ​សែក​ស្អុយ​២​សន្លឹក​ជាង​២០​ម៉ឺន​ដុល្លារ

ភ្នំពេញ÷ថៅកែ​រកស៊ី​ទិញ​-​លក់​រថយន្ត​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែតុលា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​នឹង​បទ «​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​» ករណី​ប្រើប្រាស់​មូលប្បទានប័ត្រ​អត់​មាន​សាច់ប្រាក់ (​សែក​ស្អុយ​) ប្រមាណ​ជាង​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ថៅកែ​ទិញ​-​លក់​រថយន្ត​រូប​នោះ​មានឈ្មោះ ផាត វុ​ទ្ធី ហៅ ជ្រុ​យ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ថៅកែ​ទិញ​-​លក់​រថយន្ត​ខាងលើ​នេះ បាន​រង​នូវ​ពាក្យបណ្តឹង​មួយ កាលពី​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២១​ដែល​មាន​អ្នកស្រី គិត ផ​ល្លី បាន​ប្តឹង​នៅ​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កង​រាជ​អាវុធ​រាជធានី​ភ្នំពេញ ដោយ​ចោទប្រកាន់​ជនសង្ស័យ​ថា ប្រើប្រាស់​សែក​ស្អុយ​លើ​ទឹកប្រាក់​ប្រមាណ​ជាង​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក (២១.២១៨០ ដុល្លារ​) ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ក្នុង​អំឡុង​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ នេះ ។

តាម​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា ឈ្មោះ ផាត វុ​ទ្ធី បាន​ទៅ​ខ្ចីប្រាក់​ពី​ម្ចាស់បំណុល​ចំនួន​៣​លើក សរុប​ជា​ទឹកប្រាក់​៦៤​ម៉ឺន​៣៣០០​ដុល្លារ​អា​មេ​រិ​ក ដោយ​យក​ទៅ​ទិញ​រថយន្ត​ចំនួន​១១​គ្រឿង ដើម្បី​ដាក់​តាំង​លក់​បាន​ផល​ចំណេញ រួច​យក​ប្រាក់​ទៅ​សង​ដើមបណ្តឹង​វិញ ។ ប៉ុន្តែ​នៅ​ពេល​ថៅកែ​ឡាន​រូប​នោះ​លក់​រថយន្ត​អស់ហើយ ជនសង្ស័យ​មិន​បាន​បង្វិលប្រាក់​ឲ្យ​ទៅ​ដើមចោទ​គ្រប់​ចំនួន​ទេ គឺ​នៅ​ខ្វះ​ជាង​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ទៀត ហើយ​ជនសង្ស័យ​បាន​ប្រើប្រាស់​មូលប្បទានប័ត្រ​ចំនួន​២​សន្លឹក​ឲ្យ​ទៅ​ដើមបណ្តឹង​ដែល​សុទ្ធតែ​ជា​សែក​ស្អុយ មិន​មាន​ទឹកប្រាក់​តម្កល់​ក្នុង​ធនាគារ​ទេ ថែម​ទាំង​គេចវេស​នឹង​បំណុល​នោះ ទើបត្រូវ​គេ​ប្តឹង​តែ​ម្តង ។

នៅ​ក្នុង​ដំណាក់កាល​ស៊ើបសួរ ថៅកែ​ទិញ​-​លក់​រថយន្ត​ដែល​រង​នូវ​បណ្តឹង​ព្រហ្មទណ្ឌ​នេះ បាន​ទទួលស្គាល់​ការ​ពិត​យ៉ាង​ដូច្នោះ​មែន តែ​លុយ​នោះ​ខ្លួន​បាន​សង​ទៅ​ដើមបណ្តឹង​ជា​បន្តបន្ទាប់ និង​តាម​ដំណាក់កាល​ដែរ មិន​មានគំនិត​ទុច្ចរិត​មិន​សង​ទេ គ្រាន់តែ​ពេលវេលា​នេះ​មាន​គេ​ទិញ​រថយន្ត​នៅ​ជំពាក់​វ័ណ្ឌក​ដោះស្រាយ​មិន​ទាន់​ចេញ​ដូច​គ្នា ។

ករណី​ខាងលើ​នេះ ស្ថាប័ន​អយ្យការ​សាលាដំបូង​កំពុង​បើក​ការ​ស៊ើបសួរ​បន្ត ៕