ឯកឧត្តមគង់ សោភ័ណ្ឌបានបន្តដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានភាពទឹក នៅទំនប់ទ្វារទឹក ៧មករា ស្ថិតនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
រសៀលថ្ងៃអាទិត្យ ៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១
ឯកឧត្តមគង់ សោភ័ណ្ឌបានបន្តដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានភាពទឹក នៅទំនប់ទ្វារទឹក ៧មករា ស្ថិតនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ផ្អែកតាមរបាយការណ៍របស់មន្រ្តីជំនាញក្រសួងធនធានទឹក និងឧតុនិយម ស្ថានភាពទឹកក្នុងឆ្នាំនេះ មិនទាន់មានបញ្ហាប្រឈមនៅឡើយទេ ជាក់ស្តែងស្ថានភាពកំពស់ទឹកនៅទំនប់៧មករា គឺកម្ពស់ទឹកនៅផ្នែកខាងក្រោយទំនប់ មានកម្ពស់ ៧.៩០ម កម្ពស់ទឹកដែលត្រូវប្រុងប្រយ័ត្ន គឺ ៧ម កម្ពស់ទឹកឆ្នាំមុន នៅថ្ងៃទី១២ ខែតុលា ២០២០ កម្ពស់ទឹកខាងក្រោយទំនប់មានកម្ពស់ ៩.២០ម ដែលបានបណ្តាលឲ្យលិចលង់ ភូមិសាស្ត្រ មួយចំនួនរបស់រាជធានីភ្នំពេញ មានដូចជា ខណ្ឌកំបូល និងខណ្ឌដង្កោ ភូមិសាស្ត្រខេត្តកណ្តាល មានដូចជាស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង ស្រុកស្អាង និងក្រុងតាខ្មៅ ស្ថានភាពទឹកនៅទំនប់ទ្វារទឹក ៧មករា បានស្រក ក្នុងកម្រិតកម្ពស់ ២តឹក នឹងមានភាពលម្អៀងកម្រិតប្រកាសបណ្តោះអាសន្ន ក្នុងរយៈកម្ពស់ ២ម៉ែត្រ។
ស្ថានភាពទឹកតាមបណ្តោយស្ទឹងព្រែកត្នោត មានការស្រកចុះ ជាបន្តបន្ទាប់ប្រហែល ២តឹក រីឯស្ថានភាពទឹកនៅក្រុងតាខ្មៅមានសភាពប៉ាចហាច ប៉ុន្តែមិនទាន់ដល់ស្ថានភាពធ្ងន់ធ្ងរទេ។
ទោះបីជាស្ថានភាពទឹកនាពេលនេះមិនទាន់ឈានដល់កម្រិតប្រកាសអាសន្នយ៉ាងណាក្តី ខ្ញុំសូមស្នើឲ្យមន្រ្តីជំនាញដែលប្រចាំការនៅតំបន់ទ្វារទឹកសំខាន់ៗ ជាពិសេសនៅទំនប់ទ្វារទឹក៧មករា បង្កើនការយកចិត្តទុកដាក់ និង ប្រុងប្រយ័ត្នខ្ពស់ និងត្រូវរាយការណ៍ជាបន្ទាន់ក្នុងករណីស្ថានភាពទឹកមានការកើនឡើងខុសប្រក្រតី ជាមួយគ្នានេះខ្ញុំសូមស្នើដល់កងកម្លាំង និងមន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរក្រុង ស្រុកដែលនឹងជួបបញ្ហាប្រឈមនេះ និងធ្លាប់រងគ្រោះដោយជំនន់ទឹកភ្លៀងនាឆ្នាំមុនថ្មីៗនេះ សហការគ្នាឲ្យបានស្អិតរមួតត្រៀមលក្ខណៈសម្បត្តិឲ្យបានរួចរាល់ក្នុងការទប់ស្កាត់ បញ្ជៀស រំដោះចរន្តលំហូរទឹក និងត្រៀមលក្ខណៈក្នុងជម្លៀសប្រជាពលរដ្ឋ សង្គ្រោះប្រជាពលរដ្ឋ សត្វពាហនៈ ទៅកាន់ទីទួលសុវត្ថិភាព ត្រៀមថ្នាំសង្កូវ ស្បៀងអាហារ សម្ភារបរិក្ខារសម្រាប់សង្គ្រោះបន្ទាន់ ក្នុងករណីស្ថានភាពអាកាសធាតុ មានការប្រែប្រួលដោយយថាហេតុ គឺធ្វើយ៉ាងណាមិនត្រូវឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋយើងម្នាក់ជាដាច់ខាត៕