អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរអង្គភាពជំនាញ ចុះពិនិត្យស្ថានភាពទឹកតាមសណ្ដស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីត្រៀមខ្លួនពេលមានទឹកជំនន់ទឹកស្ទឹងព្រែកត្នោតមកដល់
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី ភ្នំពេញ បានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងមន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពទឹកតាមសណ្ដស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីត្រៀមខ្លួនពេលមានទឹកជំនន់ទឹកស្ទឹងព្រែកត្នោតមកដល់ ដោយប៉ុន្មានថ្ងៃកន្លងមកនេះកំពស់ទឹកស្ទឹងព្រែកត្នោតកើនឡើងគួរឱ្យកត់សម្គាល់។
ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យប្រធានមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ ត្រូវតាមដានស្ថានភាពទឹកឱ្យបានជាក់លាក់ ពេលដែលមានបញ្ហាអ្វីកើតឡើង អាចត្រៀមជាមុន ដើម្បីសង្គ្រោះប្រជាពលរដ្ឋ កុំឱ្យបាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិ។
បើតាមមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្រិតទឹកស្ទឹងព្រែកត្នោតមិនទាន់ឈានដល់កម្រិតប្រកាសអាសន្ន ឬគំរាមកំហែងដល់ការរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងនៅឡើយ។ នៅពេលនេះ ទឹកស្ទឹងព្រែកត្នោត នៅផ្នែកខាងលើមានកម្ពស់ ៥.១៦ម៉ែត្រ ស្រុកចុះ ០.៦២ម៉ែត្រ។ នៅចំណុចរលាំងជ្រៃ ទឹកមានកំពស់ ៧.២៨ម៉ែត្រ កើនឡើងលើសម្សិលមិញ ០.២៨ ម៉ែត្រ។ កម្ពស់ទឹកស្ទឹងព្រែកត្នោត ដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្ននោះ គឺចាប់ពី ៧ម៉ែត្រកន្លះ ទៅ ៨ម៉ែត្រ៕