បុរសជាប្ដីកាប់ប្រពន្ធខ្លួនឯងស្លាប់ និងប្រើហិង្សាលើកជនរងគ្រោះរបួស២នាក់ទៀត រួចរត់ទៅចងកសម្លាប់ខ្លួនតាមក្រោយ
ខេត្តសៀមរាប៖ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ១៦ និង ០០នាទី មានករណី ហិង្សាប្រព្រឹត្តដោយ សហព័ន្ធ ឬ អនីតិសង្វាសជន មានស្ថានទម្ងន់ទោស បណ្តាលឲ្យស្លាប់ លើជនរងគ្រោះ ឈ្មោះ សាន ចាន់ ភេទស្រី អាយុ២៧ឆ្នាំ ( ប្រពន្ធ ) និងហិង្សាលើអ្នកដទៃ បណ្តាលឲ្យរបួស ២នាក់ ១.ឈ្មោះ ឃាន សុខាន់ ភេទស្រី អាយុ៣០ឆ្នាំ , ២ឈ្មោះ ឃាន ឆាត ភេទប្រុស អាយុ៣៨ឆ្នាំ បង្ករឡើងដោយជនសង្ស័យ ឈ្មោះ ឆែម ទក ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនរងគ្រោះទាំង ០៣នាក់រស់នៅភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ។
រឿងហេតុ: នៅថ្ងៃទី១៩.០៩.២០២១ វេលា
ម៉ោង ១៦,០០នាទី ជនរងគ្រោះឈ្មោះ សាន ចាន់ កំពុងនៅផ្ទះ ក៏មានទំនាស់ពាក្យសម្តី ជាមួយជនសង្ស័យ ភ្លាមនោះ ជនសង្ស័យឈ្មោះ ឆែម ទក ភេទប្រុស ស្រវឹងស្រា បានយកពូថៅកាប់ទៅលើប្រពន្ធ ឈ្មោះ សាន ចាន់ ត្រូវក្បាលផ្នែកខាងក្រោយ ២ពូថៅ បណ្តាលឲ្យស្លាប់ បន្ទាប់មកជនសង្ស័យ បានដើរទៅកាប់ ជនរងគ្រោះ ឈ្មោះ ឃាន់ សុខាន់ ភេទស្រី ដែលកំពុងដេកលើអង្រឹងក្រោមផ្ទះគាត់ ចម្ងាយពីផ្ទះជនសង្ស័យ ៣០ម៉ែត្រ ត្រូវចំ ក ១ពូថៅបណ្តាលឲ្យរបួស ពេលនោះជនរងគ្រោះ ឈ្មោះ ឃាន ឆាត ភេទប្រុស ស្ទុះមកជួយក៍ត្រូវជនសង្ស័យ កាប់ត្រូវ ដៃឆ្វេង១ពូថៅ បណ្តាលឲ្យរបួស ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានកាន់ពូថៅរត់គេចខ្លួនបាត់ ។នេះបើតាមការផ្ដល់ព័ត៌មានច្បាស់ការពីស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យអង្គភាពសារព័ត៌មាន (ហង្សតូច)យេីងថា: ក្រោយពេលកើតហេតុ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត លោកឧត្តសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរង ជាជំនួយការណ៍ ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងមានការសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការណ៍ជាមួយកម្លាំងអធិការនគរបាលស្រុកជីក្រែង ចុះដល់កន្លែងកើតហេតុ ធ្វើការស្វែងរក ចាប់ជនសង្ស័យ រហូតដល់ម៉ោង ១០ និង ០០នាទី ព្រឹកថ្ងៃទី ២០.០៩.២០២១ កម្លាំងយើងបានរកឃើញជនស័ង្សយខាងលើ ចងកធ្វើអត្តឃាត សម្លាប់ខ្លួន ដោយចងកនិងខ្សែនីឡុងពណ៍ខៀវ នៅដើមព្រីងត្រង់ចំណុច នៅព្រៃវាលស្រែនៅខាងលិចផ្ទះជនរងគ្រោះ ប្រហែល ៥០០ម៉ត្រ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប ។