ផ្ដន្ទាទោស​ជនជាប់ចោទ នីណាក់ ដាក់ពន្ធនាគារ ១៨ ខែម្ចាស់​គម្រោង «​ទិញ​ម៉ាស់​ពាក់​ឲ្យ​មាន់ » 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហាឆ្នាំ២០២១, លោក សុង ប៊ុណ្ណា​រិ​ទ្ធ ចៅក្រម​ជំនុំជម្រះ សាលាដំបូង​រាជធានី ភ្នំពេញ បានប្រកាស​សាលក្រម សម្រេច​ផ្ដន្ទាទោស អតីតមន្ត្រី​ក្រសួងកសិកម្ម​ម្នាក់ ដាក់ពន្ធនាគារ កំណត់ ១៨ ខែ និង​ពិន័យ​ជា​ប្រាក់ ចំនួន ២ លាន​រៀល ក្រោម​ការចោទប្រកាន់​ពីបទ « ជេរប្រមាថ ជា​សាធារណៈ និង​ញុះញង់ អោយមាន​ការរើសអើង​» ។​ ​នេះ​បើ​យោងតាម​មាត្រា ៣០៧ មាត្រា​៤៩៤ និង​មាត្រា​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ​២០២០ នៅ​រាជធានី​ភ្នំពេញ ។ សាលក្រម​នេះ បើកផ្លូវ​ប្ដឹង​ឧទ្ធរណ៍ តាម​កំណត់​ច្បាប់ បើ​ជន​ត្រូវ​ចោទ មិន​សុខ​ចិត្តនឹង​សេចក្ដីសម្រេច របស់​តុលាការ ។​

សូមជម្រាបជូនថា, បុគ្គលឈ្មោះ នីណាក់ ដែលតុលាការបានផ្ដន្ទាទោសនៅថ្ងៃនេះ គឺជាសកម្មជនមួយរូប របស់ក្រុមគណបក្សប្រឆាំង តែងបង្កើតនូវព័ត៌មានមិនពិត បំភ្លើស បំភ្លៃ បំពុលសង្គម ក្នុងចេតនាឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ម្ដងហើយម្ដងទៀត ដោយគ្មានភាពរាងចាល។

​លោក នី ណាក់ ត្រូវបាន​ចៅក្រម​សាលាដំបូង រាជធានី​ភ្នំពេញ លោក ហុង សុ​គុណ​វ​ឌ្ឍា​នា សម្រេច​កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ ដាក់ពន្ធនាគារ​តាម​ការ ចោទប្រកាន់ របស់​តំណាង អយ្យការ ពាក់ព័ន្ធ​និង​បទល្មើស ជេរប្រមាថ ជា​សាធារណៈ និង​ញុះញង់​អោយមាន​ការរើសអើង ។​

​លោក នី ណាក់ ជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ IMan-KH ដែល​កន្លងទៅ តែងតែ​ដៀមដាម ជេរប្រមាថ ទៅលើ​បុគ្គល និង​ស្ថាប័នរដ្ឋ​មួយចំនួន ជា​ញឹកញាប់ ហើយ​ចុង​ក្រោយនេះ គឺ​បាន​ឌឺដង ឬ ផ្គើន​នឹង​ប្រសាសន៍​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ពាក់ព័ន្ធ​ការប្រៀបធៀប ការពាក់​ម៉ាស់​អោយ​សត្វ​មាន់ នៅក្នុង​កសិដ្ឋាន​របស់​លោក នៅពេលដែល​វីរុស​កូ​វីដ​១៩​កំពុង​យាយី​ពិភពលោក ទាំងមូល ។

កន្លងទៅគេចាត់ទុកថា ជាយុវជនមួយរូបដែលមានចំណេះដឹង មានគំនិតពង្រីកសេដ្ឋកិច្ចតាមរយៈកសិកម្ម បង្រៀន។ តែចុងក្រោយយុវជនរូបនេះ ក្លាយជាទំពាំងស្អុយ មានគំនិតទុច្ចរិតបង្កើតឲ្យមានភាពច្របូកច្របល់ក្នុងសង្គម ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយល់ច្រឡំ បន្ទាប់ពីរូបគេ បានងប់ងល់នឹងនយោបាយបម្រើឲ្យក្រុមកញ្ជះបរទេស៕