ឃាត់ខ្លួនប្រុសស្រីជាង៥០នាក់ ក្នុងការចុះបិទទីតាំង ដកហូតអាជ្ញាប័ណ្ណទាំងភោជនីយដ្ឋាន និងខារ៉ាអូខេ​(KTV)​ និងបារបារាំង​ជាច្រេីនកន្លែង​ ក្នុងខណ្ឌចំនួន៣ នៃរាជធានីភ្នំពេញ



រាជធានីភ្នំពេញ​ ៖ (ដំណឹងបឋម​)គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ​ បានដឹកនាំកម្លាំងចម្រុះ​មានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងអនុវត្តវិធានការរដ្ឋបាលចំពោះអាជីវកម្មក្លឹបកំសាន្ត, ខារ៉ាអូខេ(KTV) និងបារបារាំង ដែលបានលួចលាក់បើកដំណើរការបំពាននឹងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល នាយប់ថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២១នេះ។

នេះបេីតាមសេចក្ដីរាយការណ៍ដែលក្រុមការងារហង្សតូចទទួលបាន អាជ្ញាធរសម្រេចបិទទីតាំង ដកហូតអាជ្ញាប័ណ្ណទាំងភោជនីយដ្ឋាន និងខារ៉ាអូខេ​(KTV) ១.ខារ៉ាអូខេ ANGEL PALACE ក្នុងខណ្ឌ៧មករា ២.ខារ៉ាអូខេ​ អាត់ជួង​ ក្នុងខណ្ឌមានជ័យ​ ៣.បារបារាំង ជិត១០កន្លែង នៅក្នុងខណ្ឌដូនពេញ ដោយសារម្ចាស់ទីតាំងល្មើស នឹងការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដែលបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ប្រភពបានឲ្យហង្សតូចដឹងទៀតថា ម្ចាស់ទីតាំងត្រូវប្រឈមមុខចំពោះច្បាប់ជាធរមាន​ ចំពោះ​មនុស្សប្រុសស្រីដែលជាបុគ្គលិក​បម្រេីការក្នុងទីតាំងខាងលេី និងភ្ញៀវ សរុបប្រមាណជិត៥០នាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន​បញ្ជូនទៅស្នងការក្រុង​ ដេីម្បីរងចាំចំណាត់ការបន្ត ។ សារព័ត៌មានហង្សតូច​