អភិបាលខណ្ឌមានជ័យ បើកកិច្ចប្រជុំរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក និងបញ្ហា​ចរាចរណ៍​តាមផ្លូវធំៗក្នុងភូមិសាស្រ្ត!


រាជធានីភ្នំពេញ​ ៖ នៅរសៀល​ថ្ងៃទី​២០ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ រដ្ឋបាលខណ្ឌមានជ័យ បានបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ក្រោមអធិបតីភាព ពេជ្រ កែវមុនី អភិបាល​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដើម្បីរៀបចំ​សន្តិសុខ​ សណ្តាប់​ធ្នាប់​ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ជាពិសេស ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្នុងសង្កាត់ទាំង៧ អោយកាន់តែមានលទ្ធផលល្អប្រសើរ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាពខ្ពស់លើកិច្ចការរក្សាសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ប្រកបដោយជោជ័យក្នុងព្រះរាជពិធីបុណ្យនេះ ម្យ៉ាងទៀតធ្វើឡើងក្នុងមានម្ចាស់ការលើការទទួលខុសត្រូវដោយមានវិធានការជាក់លាក់ និងស៊ីជម្រៅ នៅតំបន់ដែលបានកំណត់ថាស្មុគស្មាញ ឬអាចមានករណីបទល្មើស ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី មន្ត្រីរាជការចំណុះខណ្ឌ កម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានខណ្ឌ, លោក លោកស្រីជាចៅសង្កាត់ទាំង៧ និងស្ថាប័នពាក់ពាក់ព័ន្ធ ដែលកិច្ចប្រជុំដ៏មានសារ:សំខាន់នេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំធំរបស់រដ្ឋបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជាមួយគ្នានេះ លោកពេជ្រ កែវមុនី បានអំពាវនាវឲ្យយកចិត្តទុកដាក់ និងសហការឲ្យបានល្អ រវាងកងកម្លាំងនគរបាល កងរាជអាវុធហត្ថខណ្ឌ សង្កាត់-ភូមិ និងស្ថាប័នផ្សេងៗ ដើម្បីចូលរួមលើកកម្ពស់ស្មារតី និងទទួលខុសត្រូវខ្ពស់លើការងាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ។

លោកអភិបាល​ខណ្ឌមានជ័យ​ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ និងក្រុមអាជីវករទាំងអស់ និងអ្នករកស៊ីនាំចូលសំលៀកបំពាក់, ស្នើសុំបញ្ឈប់ការលក់ និងនាំចូលនូវសម្លៀកបំពាក់ មានអក្សរ Police និង Army និងហាមមិនឲ្យពាក់ដើរលេងក្នុងពិធីបុណ្យអុំទូកទេ ដោយខ្លាចសង្ស័យមានចេតនាមិនល្អ នៅពិធីបុណ្យអុំទូកនារាត្រីនេះ ហើយការនាំចូល និងលក់សំភារៈកងកម្លាំងប្រដាប់អាវុធ អាចនឹងមានទោសតាមផ្លូវច្បាប់។

ក្នុងកិច្ចប្រជុំនេះ​ លោក​ ពេជ្រ​ កែវមុនី​ អភិបាល​ខណ្ឌ​មានជ័យ​ បាន​សង្កត់ធន់ទៅលើបញ្ហារៀបចំ​សណ្តាប់​ធ្នាប់​តាមបណ្តោយផ្លូវធំៗក្នុងភូមិសាស្រ្តខណ្ឌមានជ័យ​ មានដូចជាផ្លូវជាតិលេខ២​ ផ្លូវ៦០ម៉ែត្រ​ និងផ្លូវ២៧១​ ផ្លូវ៣៧១ ផ្លូវ​ព្រះមុនី្នរ៉េត​ និងផ្លូវ​វ៉េងស្រេង​ ជាដើម។

ផ្លូវលេខ៣៧១ រថយន្ត ឬ រ៉ឺម៉កដឹកអ្នកទស្សនាព្រះរាជពិធីបុណ្យ ឈប់ត្រឹមផ្លូវលេខ២៧១ (ដាក់អ្នកដំណើររួចត្រឡប់ក្រោយវិញ) រថយន្តលក្ខណៈគ្រួសារអាចធ្វើចរាចរណ៍ធម្មតា ទទួលខុសត្រូវដោយ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ។

ផ្លូវវេងស្រេង រថយន្ត ឬ រ៉ឺម៉កដឹកអ្នកទស្សនាព្រះរាជពិធីបុណ្យ ដែលចូលតាមផ្លូវសម្តេចព្រះមុនីរ៉េត ស្ទឹងមានជ័យ ត្រូវឲ្យចតនៅសាលាបឋមសិក្សាស្ទឹងមានជ័យ រថយន្តលក្ខណៈគ្រួសារ អាចធ្វើចរាចរណ៍ធម្មតា ទទួលខុសត្រូវដោយ: គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ។

ផ្លូវជាតិលេខ២ រថយន្តដឹកជញ្ជូនធុនធំ ត្រូវឲ្យចតនៅចំណតរថយន្តចាក់អង្រែក្រោម និងអនុវិទ្យាល័យចាក់អង្រែ ឬ​អោយបត់ទៅចតផ្លូវ៦០ម៉ែត្រ។ រថយន្តធុនតូច និងរ៉ឺម៉កត្រូវឲ្យចតនៅចាក់អង្រែក្រោម និងអនុវិទ្យាល័យចាក់អង្រែ រថយន្តលក្ខណៈគ្រួសារអាចធ្វើចរាចរណ៍ធម្មតា ។ ត្រៀមទីធ្លាវត្តចាក់អង្រែលើ សំរាប់ចំណតរ៉ឺម៉កដឹកអ្នកដំណើរចល័តក្នុងភូមិសាស្រ្ត ។ គោលដៅខាងលើនេះ ប្រសិនបើខ្វះទីចំណត អាចចតតាមបណ្តោយផ្លូវជាតិលេខ២​មួយជួរ ឬផ្លូវ៦០ម៉ែត្រ ៕ (អត្ថបទរូបភាព​ ម៉េង)