លទ្ធផលបោះឆ្នោតបង្គ្រប់អាសនៈជាស្នួរជួងសម្រាប់បក្សលោកស្រី ស៊ូជី មុនការបោះឆ្នោតសាកលឆ្នាំ២០២០
លទ្ធផលនៃការបោះឆ្នោតបំពេញអាសនៈថ្ងៃអាទិត្យទី ៤ ខែ វិច្ឆិកាក្លាយជារឿងខកចិត្តមួយសម្រាប់បក្សកាន់អំណាច សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី។ វាក៏ក្លាយជាមេរៀនមួយដ៏សំខាន់ ក៏ដូចជាសញ្ញាប្រកាសអាសន្នសម្រាប់គណបក្សនេះ មុនការបោះឆ្នោតសភាមកដល់ឆ្នាំ ២០២០ខាងមុខ។
អាសនៈសភាសរុបទាំងអស់ ១៣ មាននៅក្នុងរដ្ឋសភាផង ព្រឹទ្ធសភាផង និងសភាថ្នាក់តំបន់ផងនោះត្រូវបានដាក់ឲ្យគណបក្សប្រកួតប្រជែងគ្នាក្នុងការបោះឆ្នោតបំពេញអាសនៈនាចុងសប្តាហ៍នេះ។ ចំណែកក្នុងចំណោម ១៣ អាសនៈចំនួន ១១ នៅទំនេរដោយសារតែតំណាងរាស្ត្របាត់បង់ជីវិតពេលកំពុងបំពេញភារកិច្ច។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP លទ្ធផលបឋមបានបង្ហាញឲ្យឃើញថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ(NLD) ដែលជាបក្សកាន់អំណាចនោះបានធ្លាក់ប្រជាប្រិយភាពដោយដណ្តើមបានអាសនៈត្រឹមប្រាំពីរក្នុងចំណោមអាសនៈ១៣ប៉ុណ្ណោះ។
អ្នកនាំពាក្យគណបក្សកាន់អំណាចនេះលោក Myo Nyunt បានទទួលស្គាល់លទ្ធផល និងបរាជ័យរបស់គណបក្សខ្លួនដែរ បន្ទាប់ពីការបោះឆ្នោតរៀបចំចប់សព្វគ្រប់ និងមានការរាប់សន្លឹកឆ្នោតជាបន្តបន្ទាប់នោះ។
«ឥឡូវនេះ យើងបានឈ្នះអាសនៈសរុបត្រឹមប្រាំពីរ ហើយយើងចាញ់អស់ប្រាំមួយឯណោះ»។ អ្នកនាំពាក្យខាងលើនិយាយដូច្នេះ។
អ្នកនាំពាក្យខាងលើជឿជាក់ថា គណបក្សលោកបានបាត់បង់អាសនៈច្រើនដោយសារប្រជាជនជាពិសេសប្រជាជនជាជនជាតិភាគតិច និងមន្ត្រីធ្វើការឲ្យរដ្ឋាភិបាលបាត់បង់ជំនឿលើការដឹកនាំរបស់រដ្ឋាភិបាលជាពិសេសការធានាកិច្ចចរចាសន្តិភាពនោះ។
គណបក្សរបស់លោកស្រីទីប្រឹក្សារដ្ឋ ស៊ូជី សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី និងបានឡើងកាន់អំណាចដឹកនាំរដ្ឋាភិបាលស៊ីវិលពេញលេញមួយក្នុងឆ្នាំ ២០១៥។ ពេលនោះលោកស្រីបានសន្យាដោះស្រាយបញ្ហាជម្លោះប្រដាប់អាវុធរ៉ាំរ៉ៃរវាងរដ្ឋាភិបាលនិងជនជាតិភាគតិច និងបញ្ហាប្រឈមផ្សេងទៀតដែរ។ ប៉ុន្តែការដឹកនាំរបស់លោកស្រីជាងបីឆ្នាំមកនេះមិនបានសម្រេចលទ្ធផលដែលធ្វើឲ្យអ្នកគាំទ្រពេញចិត្តឡើយ។
ត្រឡប់មកវិញ អាសនៈទាំងប្រាំមួយដែលធ្លាក់ទៅកណ្តាប់ដៃបក្សផ្សេងនោះគឺមានបួនធ្លាប់ជាអាសនៈដែលតំណាងរាស្ត្របក្សកាន់អំណាចកាន់កាប់ពីមុន។ របាយការណ៍បឋមបង្ហាញថា គណបក្សរួបរួមជាតិនិងការអភិវឌ្ឍ (USDP)ស្និទ្ធនឹងក្រុមយោធាមីយ៉ាន់ម៉ានោះបានដណ្តើមយកអាសនៈចំនួនបីក្នុងចំណោមអាសនៈទាំងប្រាំមួយនោះដែរ។
មេរៀនថ្មីសម្រាប់លោកស្រី ស៊ូជី មុនការបោះឆ្នោតសភាមកដល់
គណបក្សកាន់អំណាចបាត់បង់អាសនៈច្រើនក្នុងការបោះឆ្នោតបង្គ្រប់អាសនៈលើកនេះ ដ្បិតថាចំនួនអ្នកទៅបោះឆ្នោតមានកម្រិតទាបនៅស្ទើរគ្រប់មណ្ឌលទាំងអស់។ អ្នកជំនាញមើលឃើញថា ប្រជាជនមីយ៉ាន់ម៉ាប្រហែលជាមិនពេញចិត្តនឹងរឿងរ៉ាវមួយចំនួនទៀតដែលពាក់ព័ន្ធនឹងការដឹកនាំរបស់បក្សកាន់អំណាច ក្រៅពីគោលនយោបាយជំរុញការចរចាសន្តិភាពនេះ។
ទីមួយ គឺ សមត្ថភាពនិងលទ្ធភាពរបស់រដ្ឋាភិបាលស៊ីលវិលក្នុងការតស៊ូមតិការពារសេរីភាពសារព័ត៌មាន។ ការចាប់ខ្លួន និងកាត់ទោសអ្នកសារព័ត៌មាន Reuters ឲ្យជាប់គុកប្រាំពីរឆ្នាំកន្លងមកជារឿងចម្រូងចម្រាសបំផុត ហើយលោកស្រីមិនបានបញ្ចេញមតិណាមួយទាល់តែសោះដើម្បីជួយការពារអ្នកកាសែតទាំងពីរក្នុងនាមជាមេដឹកនាំមីយ៉ាន់ម៉ា។
ក្រៅពីរឿងសិទ្ធិមនុស្សក្នុងស្រុក លោកស្រី ស៊ូជីនេះទៀតសោធក៏រងការថ្កោលទោសនិងការរិះគន់ខ្លាំងពីសំណាក់សហគមន៍អន្តរជាតិដោយបន្តរក្សាភាពស្ងៀមស្ងាត់ជុំវិញវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។ គណៈកម្មការស្វែងរកការពិតរបស់អង្គការសហប្រជាជាតិបានអះអាងថា ករណីបំពានសិទ្ធិមនុស្សនៅរដ្ឋរ៉ាក់ខានប្រឆាំជនមូស្លីមរ៉ូហ៊ីងយ៉ាកន្លងមក គឺអាចជាបទឧក្រិដ្ឋប្រល័យពូជសាសន៍ និងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិផង។ បច្ចុប្បន្នប្រជាជនមិនតិចជាង ៧០ម៉ឺននាក់ឡើយដែលបានរត់ភៀសខ្លួននៅជ្រកកោននៅបង់ក្លាដែសចាប់ពីមានការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ាកាលពីខែសីហាឆ្នាំមុន។
ទាក់ទិននឹងបញ្ហានេះ ថ្វីបើការបោះឆ្នោតបំពេញអាសនៈមិនបណ្តាលឲ្យមានការប្រែប្រួលតុល្យភាពអំណាចក្នុងមីយ៉ាន់ម៉ា ឬមានគ្រោះថ្នាក់សម្រាប់គណបក្សលោកស្រី ស៊ូជី ក្តី វាជាជួងដាស់អារម្មណ៍។ វាបង្ហាញឲ្យឃើញកាន់តែច្បាស់ថា គណបក្សលោកស្រីនឹងឈានទៅបាត់បង់ការគាំទ្រកាន់តែច្រើននៅក្នុងការបោះឆ្នោតសកលឆ្នាំ ២០២០ខាងមុខនេះផង បើសិនជាគណបក្សនេះមិនអាចកែប្រែការរបៀបដឹកនាំ និងគោលនយោបាយរបស់ខ្លួនមួយចំនួនមុនការបោះឆ្នោតមកដល់ទេនោះ៕