ពិធីសំណេះសំណាលប្រតិភូមហាគ្រួសារ Off-Roadកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមសាយសំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅអាគារមរតកតេជោ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានជួបប្រជុំជាមួយក្រុមកីឡាករទេសចរណ៍ «មហាគ្រួសារ Off road កម្ពុជា»នៅទីស្តីការក្រសួងបរិស្ថាន ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាននិងក្រុមកីឡាករទេសចរណ៍ Off-road កម្ពុជា និងស្វែងរកគន្លឹះនិងវីធីសាស្ត្រថ្មីៗ ដើម្បីផ្សព្វផ្សាយពីតំបន់មួយចំនួននៅក្នុងតំបន់ការពារធម្មជាតិដែល មានសក្តានុពលទេសចរណ៍ក្នុងទិសដៅបង្ហាញទីតាំងទេសចរណ៍ធម្មជាតិថ្មីៗដល់សាធារណជន។

ចូលរួមចំណែកយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថានក្នុងគោលបំណងផ្សព្វផ្សាយ ពីតំបន់ទេសចរណ៍ ផ្សារភ្ជាប់សកម្មភាព មនុស្សធម៌ ជាចំណែក មួយជួយដល់សង្គមជាតិក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ <អរគុណសន្តិភាព>។ក្រុមមហារគ្រួសារ OFF ROAD កម្ពុជា បានបង្កើតឡើងប្រមាណជាង៧ឆ្នាំ មកហើយ និងបានចូលរួមក្នុងការជួយផ្សព្វផ្សាយ ពីតំបន់អេកូទេសចរណ៍ និងតំបន់ ធនធានធម្មជាតិ នៅកន្លែង ដាច់ស្រយ៉ាលជាច្រើន នៅក្នុងប្រទេសកម្ពុជា ដូចជា តំបន់ខ្នងផ្សារ តំបន់អារ៉ែង ឆាយរាប ជាដើម ជាពិសេស មហាគ្រួសារ Off Road តែងតែ គៀងគរ ថវិកាមូលនិធិសប្បុរសធម៌ ទិញជា សម្ភារៈសិក្សា គ្រឿងឧបភោគ បរិភោគ និងអារហារទៅ ចែកជូន ដល់បងប្អូនប្រជាពលរដ្ឋ នៅតំបន់ដាច់ស្រយ៉ាលទាំងនោះ ក្នុងន័យរួមចំណែក សកម្មភាពមនុស្សធម៌ ជួយដល់សង្គមជាតិជាឧត្តមប្រយោជន៍យូរអង្វែង។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ក្រុមកីឡាករ Off-road កម្ពុជាដែលបានចូលរួមផ្សព្វផ្សាយពីទីតាំងសក្តានុពលទេសចរណ៍នានា និងបានបើកទូលាយក្នុងការបន្តកិច្ចសហការ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិដែលកម្ពុជាមាន។ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា៖ «នៅពេលស្រុកកើតសង្គ្រាម គេចូលព្រៃដើម្បីធ្វើការតស៊ូ តែនៅសម័យតេជោសន្តិភាព ពលរដ្ឋចូលព្រៃដើម្បីទស្សនាកម្សាន្តសម្បត្តិធម្មជាតិ ព្រៃឈើសត្វព្រៃនិងជីវៈចម្រុះផ្សេងទៀត និងគយគន់ទេសភាពដ៏ល្អស្អាតនៃព្រៃព្រឹក្សានៅក្នុងតំបន់ការពារធម្មជាតិនានា ហើយក្នុងរយៈពេលចុងក្រោយ នេះ ប្រជាពលរដ្ឋបានចាប់អារម្មណ៍ខ្លាំងលើទេសចរណ៍ធម្មជាតិ ហើយបានបង្កើតការងារនិងផ្តល់ចំណូលដល់ប្រជាសហគមន៍»។

តំណាងមហាគ្រួសារ Off Road កម្ពុជាបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងបានសន្យាបន្តសហការកាន់តែល្អជាមួយក្រសួងបរិស្ថានដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិបន្ថែមទៀត។

ជាចុងបញ្ចប់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានសម្ដែងនូវភាពសម្បាយរីករាយយ៉ាងកក់ក្តៅ ក្រៃលែងនិងផ្ដល់កិត្តិយសថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕