កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់តាមពាក្យបណ្ដឹងស្រ្តីម្នាក់ករណីលួចម៉ូតូ

(បន្ទាយមានជ័យ)៖ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ បៀ តូនូស ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី ចុះថ្ងៃទី៣១/១២/២០២០ ស្នាក់នៅបណ្ដោះអាសន្ន នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត ប/ជ ស្ដីពី ករណីបាត់ម៉ូតូនៅចំណុចម្ដុំកាស៊ីណូផ្សារយួន កាលពីវេលាម៉ោង០៥ និង០០នាទីព្រឹក ថ្ងៃទី៣១/១២/២០២០។
ក្រោយពីទទួលបានពាក្យបណ្ដឹង លោក វ/ត្រី នួន នីណារ៉ូ មេ/ការ មូលដ្ឋាន អ.ហ ក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុហើយធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ម៉ៅ ណាត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅមិនពិតប្រាកដ និងដកហូតបានម៉ូតូចំនួន១គ្រឿងដូចមានក្នុងពាក្យបណ្ដឹង ម៉ាកហុងដាហ្សូម័រអិច ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ដែលក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតផ្លាស់ប្រគល់ឱ្យជនរងគ្រោះជិៈធ្វើការ។ ការឃាត់ខ្លួនជនសង្ស័យនេះនៅចំណុចបន្ទប់ជួលម្ដុំកាស៊ីណូ៩៩ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត វេលាម៉ោង០៩ និង០០នាទីព្រឹក ថ្ងៃ ខែ ឆ្នាំដដែល។
លោក វ/ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យក្រោយពីឃាត់ខ្លួន ត្រូវបានសមត្ថកិច្ចបញ្ជូនមកមូលដ្ឋាន អ.ហ ក្រុង ដើម្បីធ្វើការសាកសួរ ក្រោយពីកម្លាំងបទល្មើសព្រហ្មទណ្ឌ អ.ហ ក្រុង សាកសួរចម្លើយរួចមក ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានលួចម៉ូតូដែលមានភិនភាគដូចខាងលើពិតប្រាកដមែន។
ដោយទទួលបានចម្លើយសារភាព និងមានវត្ថុតាងផងនោះ កម្លាំងជំនាញ អ.ហ ក្រុង បានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញបទលល្មើសព្រហ្មទណ្ឌ អ.ហ ខេត្ត ចាត់ការបន្ត ចំណែកម៉ូតូត្រូវបានកម្លាំង អ.ហ ក្រុង ប្រគល់ឱ្យម្ចាស់ដើមវិញហើយ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញ អ.ហ ខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕