ឧក្រិដ្ឋកម្មព្រៃឈើក្នុងទឹកដីកំពង់ស្ពឺហាក់កម្រើកឡើងវិញ រថយន្តដឹកឈើត្រូវអស់ល័ក្ខសារជាថ្មី បន្ទាប់ពីខាងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើស្រុកថ្ពង សហការណ៍ជាមួយមន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាបនៅនឹងកន្លែង

ខេត្តកំពង់ស្ពឺ÷បន្ទាប់ពីខាងមន្ត្រីជំនាញធ្វើការបង្ក្រាប ទៅលើ មេឈ្មួញឈ្មោះ វណ្ណី មិនទាន់បានរយៈពេល១ឆ្នាំផងនោះមេឈ្មួញខាងលើបានលួចធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ចេញពីចំណុចស្រែកិន នឹងចំណុចភូមិតាគុក ដែលជាលំនៅដ្ឋានរបស់ខ្លួន យ៉ាងសកម្ម តែសំណាងមិនល្អត្រូវជាប់អន្ទាក់កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សារជាថ្មីម្តងទៀត។

ការឆ្មក់បង្ក្រាបរថយន្តដឹកឈើរបស់មេឈ្មួញវ័យក្មេងខាងលើ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០លើកំណាត់ផ្លូវជាតិលេខ៤៤ត្រង់ចំណុច ខាងកើតក្រុមហ៊ុន (ភ្នំពេញស៊ូហ្គើរ) ក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

រថយន្តដែរត្រូវបានបង្ក្រាបបានខាងលើ ម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ចំណុះ២តោកន្លះ ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-1945 មានផ្ទុកឈើក្រហម ប្រភេទក្តារ ប្រមាណជាង២ម៉ែត្រគូប បើកបរដោយបុរស២នាក់ ជាក្មេងទំនើង ដែលគេដឹងថាជាកូនចៅរបស់លោក វណ្ណី។

ក្រោយពីការបង្រ្កាបទៅលើរថយន្តដឹកឈើខុស ច្បាប់របស់មេឈ្មួញខាងលើ កម្លាំងកង រាជអាវុធហត្ថបានធ្វើការប្រគល់ជូនខាងជំនាញផ្នែកសង្កាត់រដ្ឋបាលព្រៃឈើ អូររទេះភ្លូក ដើម្បីទទួលស្វាគមន៍ចាត់ការបន្តជាលើកទី២ តាមផ្លូវច្បាប់។

ការចុះបង្ក្រាបទៅលើមេឈ្មួញខាងលើ ប្រជាពលរដ្ឋក៏ដូចជាមហាជនជាច្រើនមានការគាំទ្រយ៉ាងពេញទំហឹង នឹងធ្វើការស្នើសុំដល់ខាងកងកម្លាំងកងរាជអាវុធហត្ថ លើផ្ទៃប្រទេសគួរចាត់វិធានការបន្តទៅលើមេឈ្មួញជាច្រើនទៀតដែលមានឈ្មោះដូចជាលោក រុន លោក ម៉ុន លោក យក្ស លោក ណុំ លោក ញ៉ាញ់ និងមេឈ្មួញជាច្រើនទៀតផងដែរ។

សូមបញ្ជាក់ផងដែរថា÷មេឈ្មួញឈ្មោះ វណ្ណី ខាងលើមិនត្រឹមតែរកសុីដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាតនោះទេ បុគ្គលរូបនេះ បានបើកអាជីវកម្ម ដាក់ម៉ាស៊ីន ជ្រៀកឈើខុសច្បាប់នៅក្នុងលំនៅដ្ឋានរបស់ខ្លួនរស់នៅថែមទៀតផង ៕