ចុះបិទទីតាំង Internet មួយកន្លែងយីហោ “ណេតAA28” បណ្ដោះអាសន្នទៀតហើយ ក្នុងសង្កាត់ចាក់អង្រែលើ
រាជធានីភ្នំពេញ ៖ កម្លាំងអាជ្ញាធរចម្រុះខណ្ឌមានជ័យ មានកម្លាំងសង្កាត់ និងកម្លាំងនគរបាលប៉ុស្តិ៍ បានចុះទៅធ្វើការត្រួតពិនិត្យនិងបិទទីតាំង Internet មួយកន្លែងយីហោ “អុីនធឺណេត AA28” បណ្ដោះអាសន្ន ដែលមានទីតាំងតាំង ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ម្ដុំច្រមុះជ្រូកក្បាលថ្នល់ ផ្ទះលេខ៨៤៧ ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅវេលាម៉ោង០១៖២៥នាទីរសៀល ថ្ងៃច័ន្ទ ១២កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រោយទទួលព័ត៌មានពីពលរដ្ឋថា មានបង្កប់ល្បែងស៊ីសង ខុសច្បាប់ តាមប្រព័ន្ធ internet ។
នៅក្នុងប្រតិបត្ដការចុះបិទទីតាំងអ៊ិនធឺណេតខាងលើនេះមានការបញ្ជាផ្ទាល់ពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានដាក់បញ្ជាមកអាជ្ញាធរថ្នាក់សង្កាត់ចាក់អង្រែលើ សហការណ៍ជាមួយនគរបាលប៉ុស្តិ៍ ធ្វើយ៉ាងណាត្រូវចុះធ្វើការអប់រំណែនាំម្ចាស់ទីតាំង និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការបើកលេងល្បែងស៊ីងសង ដោយជ្រកក្រោមស្លាកអាជីវកម្មស្របច្បាប់បន្តទៀត បើពុំដូច្នោះ ម្ចាស់ទីតាំងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ជាក់ជាមិនខាន ។