កន្លែងលក់អាហារតាមសួនច្បារមាត់ទន្លេក្រុងតាខ្មៅនិងតាមដងស្ទឹងព្រែកត្នោតត្រូវបានអាជ្ញាធរប្រកាសបិទបណ្តោះអាសន្ន ខណៈមានអ្នកស្រុកតាខ្មៅ២នាក់ ផ្ទុកកូវីដ-១៩
ក្រុងតាខ្មៅ៖ បន្ទាប់ពីក្រសួងសុខាភិបាល បានប្រកាសមានពលរដ្ឋនៅខេត្តកណ្តាល ជាពិសេសមានពលរដ្ឋនៅក្នុងសង្កាត់តាខ្មៅ និងសង្កាត់ព្រែកឬស្សី ២នាក់ នៅក្នុងក្រុងតាខ្មៅ មានផ្ទុកCOVID-19 នៅល្ងាចថ្ងៃទី៩ ខែធ្នូនេះ គេសង្អេតឃើញថា ទីតាំងលក់ម្ហូបអាហារពេលល្ងាច ដែលមានការប្រមូលផ្តុំមនុស្សច្រើន នៅតាមចិញ្ចើមផ្លូវ តាមសួនច្បារ មាត់ទន្លេបាសាក់ និងតាមដងស្ទឹងព្រែកត្នោត គឺចាប់ផ្តើមបិទជាបណ្តើរៗហើយ ខណៈមានការប្រកាសអោយផ្អាកបណ្តោះអាសន្នពីសំណាក់អាជ្ញាធរមូលដ្ឋាន។
ពាក់ព័ន្ធនឹងបង្ការ ទប់ស្កាត់ការរាតត្បាតកូវីដ១៩ នៅក្នុងសហគមន៍ លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅបានឲ្យដឹងថា ៖មកដល់ពេលនេះ បណ្តាមូលដ្ឋានអាជីវកម្ម ហាងលក់ចំណីអាហារនានាដែលមានការប្រមូលផ្តុំគ្នាច្រើន ជាពិសេសហាង និងតូបលក់ចំណីអាហារដែលរៀបចំលក់នៅសួនច្បារ តាមចិញ្ចឹមផ្លូវ និងតាមមាត់ទន្លេ និងដងស្ទឹងព្រែកត្នោត ត្រូវបានប្រកាសអោយផ្អាក
ជាបណ្តោះអាសន្ន ។
ព្រមជាមួយគ្នានេះ សម្រាប់ពលរដ្ឋដែលហាត់ប្រាណ អាជ្ញាធរក៏បានរៀបចំកម្លាំងប្រចាំឈរឃ្លាំមើល នឹងចាក់មេក្រូ អំពាវនាវអោយអ្នកហាត់ប្រាណ និងអ្នកដើរលំហែមាត់ទន្លេ ត្រូវពាក់ម៉ាស់អោយគ្រប់គ្នា និងឧស្សាហ៍លាងដៃអាកុលជែល អោយបានញឹកញាប់ ជាពិសេសត្រូវរក្សាគន្លាតក្នុងការហាត់ប្រាណជាដើម៕