ជនដៃដល់បីនាក់រៀបគម្រោងពួនស្ទាក់ចាំកាប់ស.ម្លា.ប់បុរសម្នាក់បានសម្រេច ព្រោះខឹងជនរងគ្រោះពូកែរករឿងអុកឡុកក្នុងភូមិ ប៉ុន្តែចុងក្រោយគេចមិនរួចត្រូវសមត្ថកិច្ចចាប់វាយខ្នោះ
ខេត្តកំពង់ឆ្នាំង៖ ករណីឃាតកម្មដែលជនដៃដល់ជាឃាតករ៣ នាក់បានរួមដៃគ្នាស្ទាក់វាយកាប់សម្លាប់ទៅលើជនរងគ្រោះនៅក្នុងភូមិជាមួយគ្នាដោយគ្រាន់តែខឹងថាជនរងគ្រោះរូបនោះឧស្សហ៍រករឿងអុកឡុកអ្នកភូមិខ្លាំងពេក លុះរំលងបានពីរថ្ងៃក្រោយមកត្រូវបានសមត្ថកិច្ចប៉ូលិសនិងប៉េអឹមខេត្តសហការស្រាវជ្រាវចាប់ខ្លួនជនដៃដល់បានតែម្ដង។
ក្រោយពេលចាប់ខ្លួនជនដៃដល់ទាំង៣នាក់ កម្លាំងសមត្ថកិច្ចបានរៀបចំនាំខ្លួនជនដៃដល់ទៅធ្វើត្រាប់នៅកន្លែងកើតហេតុឡើងវិញ នៅចំណុចភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ ។
លោក ឌុច ចំរើន ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹង ថា ក្រោយពេលកើតហេតុនៃអំពើឃាតកម្ម កម្លាំងនគរបាលខេត្តដោយទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនិតិវិធីពីលោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងនោះ បានចុះស្រាវជ្រាវនិងឈានដល់ការចាប់ខ្លួនជនដៃដល់ចំនួន៣នាក់ ក្នុងនោះ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនមាន: ១-ឈ្មោះ ណន ណឹម អាយុ៣៧ ឆ្នាំ ទី-២ ឈ្មោះ នៅ ច្រេស អាយុ ៣០ ឆ្នាំ និងម្នាក់ទៀតត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រាវជ្រាវឃាត់ខ្លួនផងដែរ គឺឈ្មោះ តុន នឿន អាយុ២៦ ឆ្នាំ។ទាំង៣ នាក់មានទីលំនៅភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងជាមួយគ្នា។
ចំណែកឯជនរងគ្រោះមានឈ្មោះណូយ ញៀន ហៅស្នា ភេទប្រុសអាយុប្រមាណជាង ៣០ឆ្នាំមានទីលំនៅ នៅភូមិឃុំជាមួយគ្នា ។ នៅចំពោះមុខសមត្ថកិច្ច នៅកន្លែងធ្វើត្រាប់ជនសង្ស័យទាំង៣នាក់បានសារភាពថា ដោយសារខ្លួនមានគំនុំនឹងជនរងគ្រោះដែលតែងតែបង្ករឿងក្នុងភូមិជាញឹកញាប់ទើបនៅយប់ថ្ងៃកើតហេតុ ពួកខ្លួនបានរៀបគម្រោងចាំពួនស្ទាក់ កាប់និងវាយលើជនរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់ហើយជនរងគ្រោះបានរត់ទៅស្លាប់នៅឯផ្ទះរបស់ខ្លួន។ ក្រោយមកនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ពួកខ្លួនត្រូវបានកម្លាំងនគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្តធ្វើការចាប់ខ្លួនបានតែម្ដង ។
ក្រោយពេលយកជនសង្ស័យទាំង៣នាក់មកធ្វើត្រាប់ពីសកម្មភាពពួនស្ទាក់កាប់លើជនរងគ្រោះរួចមកត្រូវបានសមត្ថកិច្ចទាំង២អង្គភាព កសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕