អាជ្ញាធរខេត្តកំពង់ចាម បើកកិច្ចប្រជុំជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ពិនិត្យលើបញ្ជីឈ្មោះប្រជាពលរដ្ឋដែលប៉ះពាល់ដោយប្រយោលក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ដើម្បីផ្ដល់ថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំប្រជុំមន្ត្រីជំនាញអ្នកពាក់ព័ន្ធ ពិនិត្យលើបញ្ជីឈ្មោះប្រជាពលរដ្ឋដែលប៉ះពាល់ដោយប្រយោលក្នុង ព្រឹត្តិការណ៍ ២៨វិច្ឆិកា ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ដើម្បីផ្ដល់ថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។

អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានចាត់ឲ្យមន្ត្រីជំនាញ សហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ចុះស្រង់ទិន្នន័យ អ្នកដែលប៉ះពាល់ដោយប្រយោល ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា ចំនួន ៤៤១នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ និងមណ្ឌលចត្តាឡីស័កកំរិត២ របស់រដ្ឋបាលខេត្ត ដើម្បីផ្ដល់ថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដោយរកឃើញអ្នកដែលមានលក្ខណៈសម្បត្តិសមស្រប ក្នុងការទទួលបានការជួយឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាល មានចំនួន ២៣គ្រួសារ ស្មើនឹងមនុស្ស ៣៣នាក់ ស្រី១៩នាក់ ក្នុងនោះ (គ្រួសារប្រភេទក្រ ១ ចំនួន១២គ្រួសារ និងប្រភេទក្រ២ ចំនួន១១គ្រួសារ)។

ឯកឧត្តមអភិបាលខេត្ត បានចាត់ឲ្យឯកឧត្តមអភិបាលរងខេត្ត និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត នាំយកថវិការបស់រាជរដ្ឋាភិបាល រួមនឹងគ្រឿងឧបភោគបរិភោគរបស់រដ្ឋបាលខេត្ត ជូនដល់ប្រជាពលរដ្ឋក្រីក្រ កំពុងធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃនៅតាមផ្ទះ។

សូមបញ្ជាក់ថា៖ អ្នកដែលប៉ះពាល់ដោយប្រយោល ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា ចំនួន ៤៤១នាក់ ស្រី២៥៦នាក់ ក្នុងនោះ៖
-ក្រុងកំពង់ចាម ២៩នាក់
-ស្រុកព្រៃឈរ ៨០នាក់
-ស្រុកចំការលើ ៣១២នាក់
-ស្រុកកងមាស ០២នាក់
-ស្រុកកំពង់សៀម ០១នាក់
-ស្រុកស្រីសន្ធរ ០៣នាក់
-ស្រុកជើងព្រៃ ១៣នាក់
-កោះសូទិន ០១នាក់
អ្នកដែលប៉ះពាល់ដោយប្រយោល កំពុងធ្វើចត្តាឡឺស័ក នៅតាមផ្ទះរៀងៗខ្លួន ដោយក្នុងនោះ មាន១១នាក់ ដែលកំពុងធ្វើចត្តាឡឺស័កកម្រិត២ របស់រដ្ឋបាលខេត្ត នៅសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម៕