នេះហើយអ្នកញៀនល្បែង បណ្ដោយខ្លួនឲ្យធ្លាក់ក្នុងអបាយមុខ ជាប់ខ្នោះព្រោះតែភាពលោភលន់ ហ៊ានលើកដៃវាយសម្លាប់លោកយាយម្នាក់ដោយមិនញញើត
សៀមរាប៖ ករណីប្លន់សម្លាប់លោកយាយម្នាក់នៅស្រុកសូទ្រនិគម យកទ្រព្យសម្បត្តិ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលស្រុកសូទ្រនិគម បានបំបែកហើយ។ ការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១៣នឹង៣០នាទីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូនិគម ខេត្តសៀមរាប។
នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប គឺលោកវរសេនីយ៍ទោ ឆាន់ វុទ្ធី បានឲ្យដឹងថា នៅការបង្ក្រាបនេះដែរគឺដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងដោយមានការបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងលោកវរសេនីយ៍ឯក ដួង សុខា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់។
លោកបន្តថាប្រតិបត្តិការនេះដោយមានការសហការជាមួយកម្លាំងនគរបាលស្រុកសូទ្រនិគម ជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទើបការបង្ក្រាបទទួលបានជោគជ័យ។
លោកបន្តថា ករណីអំពើលួចមានស្ថាន់ទោស ដោយប្រើប្រាស់អាវុធសាមញ្ញ កើតហេតុនៅចំណុចត្រពាំងរូងស្ថិតនៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូនិគម ខេត្តសៀមរាប កាលពីវេលាម៉ោង១៥នឹង០០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ លើជនរងគ្រោះឈ្មោះ មឿន ត្រៀម ភេទស្រី អាយុ៧១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
អង្គហេតុ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៧នឹង០០ព្រឹក ជនរងគ្រោះ បានទៅចូលរួមពិធីបុណ្យនៅក្នុងភូមិ ពេលត្រឡប់មកពីបុណ្យវិញម៉ោង៩នឹង០០នាទីព្រឹក បានដឹកគោយកទៅចងនៅស្រែរបស់ខ្លួននៅខាងកើតភូមិដាក់ផ្កា(ម្តុំកន្លែងកើតហេតុ) ចំងាយប្រហែល ២គីឡូម៉ែត្រ។ លុះដល់ម៉ោង ១៤នឹង៣០នាទី ក៏ជិះកង់ ទៅមើលគោនិងរើសកស្រូវនៅឯស្រែ នៅចំណុចត្រពាំងរូងដដែល លុះដល់ម៉ោង១៩នឹង០០នាទី កូនមិនឃើញម្ដាយត្រឡប់មកផ្ទះវិញ ក៏ប្រាប់បងប្អូនអ្នកជិតខាង ឲ្យជួយរកម្ដាយនៅកន្លែងចងគោនៅចំណុចត្រពាំងរូង ដល់ពេលរកក៏ឃើញ ជនរងគ្រោះនៅនឹងដុបក្បាលស្រែ របស់ខ្លួនដោយឃើញស្លាកស្នាមរបួសផ្ពាល់ខាងឆ្វេងនិងឈាម ជាច្រើន ពេលនោះ ក្រុមគ្រួសារក៏បានយកជនរងគ្រោះមកមន្ទីរពេទ្យដើម្បីសង្គ្រោះ ដល់ពេលមកដល់មន្ទីរពេទ្យបង្អែកស្រុកជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្ដងទៅ។ នៅពេលទទួលបានព័ត៌មាននេះ កម្លាំងជំនាញបានដឹកនាំកម្លាំងចុះមកដល់កន្លែងកើតហេតុដើម្បីស្រាវជ្រាវស៊ើបអង្កេត និងពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសព ហើយសន្និដ្ឋានបានថា ករណីនេះ ពិតជាមានបទល្មើសព្រហ្មទណ្ឌពិតប្រាកដមែន ក្នុងកម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានបន្តសហការជាមួយកម្លាំងព្រហ្មទណ្ឌនៃអធិការស្រុកសូទ្រនិគម កំណត់បានមុខសញ្ញាជនសង្ស័យឈ្មោះ ម៉ូវ ភា ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោកបន្ថែម ដោយកម្លាំងបានយកខ្លួនជននេះមកសាកសួរ ហើយជនសង្ស័យបានសារភាពថា គាត់ពិតជាបានប្រព្រឹត្តបទល្មើសខាងលើពិតប្រាកដមែន ដោយនៅពេលកើតហេតុ រូបគេបានទៅជីកដំឡូងជ្រូកជាមួយជនរងគ្រោះនៅចំណុចកើតហេតុ។ ដោយមានឱកាសល្អខ្លួនយកជំនីក ដងដែកវាយលើជនរងគ្រោះចំនួន៣ជំនីក បណ្តាលឲ្យសន្លប់។
លោកបន្ថែមថា តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយសារភាពថាក្រោយធ្វើសកម្មភាពទ្រព្យសម្បត្តិដែលខ្លួនយកពីជនរងគ្រោះមានប្រាក់ខ្មែរចំនួន២លាន ៨០ម៉ឺន ប្រាក់ដុល្លារចំនួន១០០ដុល្លារ ខ្សែកលោហៈធាតុពណ៌ទង់ដែងមួយខ្សែ ចិញ្ចៀនលោហធាតុពណ៌ទង់ដែងពីរវង់ ដុំលោហៈធាតុពណ៌ទង់ដែង១កញ្ចប់តូច។ តាមការសាកសួរជនសង្ស័យ បាសារភាពទៀតថា មូលហេតុដែលគាត់សម្លាប់ជនរងគ្រោះ ព្រោះខ្លួនចាញ់ល្បែង និងជំពាក់ប្រាក់គេច្រើន។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញនសស្នងការដ្ឋានខេត្តសៀមរាប កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនស្ត្រីជនសង្ស័យខាងលើទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕