បំបែកសំណុំរឿងឃាតកម្មលើយុវតីម្នាក់ ឃាត់ខ្លួនជនដៃដល់២នាក់…..
ខេត្តកំពង់ឆ្នាំ៖ យុវតីម្នាក់ជិះទូកត្រឡប់មកពីរៀនគួ ត្រៀមប្រឡងបាក់ឌុប ក៏ត្រូវឃាតកសម្លាប់ ហើយរហូតមកដល់ពេលនេះ សំណុំរឿងដ៏អាថ៌កំបាំងនេះ ត្រូវបានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បំបែកបាន និងឈានដល់ការចាប់ខ្លួនជនសង្ស័យ ចំនួន២នាក់ នាំទៅសាកសួរ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង័្សយ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ។ រីឯប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ឆ្នាំង ទទួលផែនយុត្តិធម៌ ក្រោមការសម្របសម្រួលពី លោក អ៊ិត សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត។
សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ ដែលកម្លាំងអាវុធហត្ថចាប់ខ្លួន រួមមាន ទី១៖ឈ្មោះ កាន់ ឈុនឡេង អាយុ៣៦ឆ្នាំ រស់នៅភូមិកំពង់ថ្គោល ឃុំផ្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងទី២៖ឈ្មោះ លន សុខឡូត អាយុ២២ឆ្នាំ មានលំនៅក្នុងភូមិផាត់សណ្តាយ ឃុំសណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជនសង័្សយទាំង២នាក់នេះ មានការជាប់សង្ស័យពាក់ព័ន្ធករណីឃាតកម្ម កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០។ បច្ចុប្បន្នជនដៃដល់ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
សូមជម្រាបថា យុវតីម្នាក់ ជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ បានបើកកាណូតទៅរៀន ស្រាប់តែបាត់ខ្លួនមួយថ្ងៃ មិនឃើញត្រឡប់មកផ្ទះ។ លុះព្រឹកឡើង ត្រូវបានគេឃើញសពអណ្ដែតទឹក បង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចផ្លូវថ្មី ភូមិអ្នកតាតាង ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ម្ដាយរបស់យុវតីរងគ្រោះ បានឲ្យដឹងថា បច្ចុប្បន្នគាត់មានទីលំនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង។ រីឯកូនស្រីរបស់គាត់ ឈ្មោះ ឡាំ រដ្ឋា អាយុ១៩ឆ្នាំ រៀនថ្នាក់ទី១២ រៀននៅវិទ្យាល័យ ហ៊ុន សែន បរិបូណ៌។ ប៉ុន្ដែមុនពេលកើតហេតុ កូនរបស់គាត់ បានបើកទូកបាឡាទៅរៀនជាធម្មតា ហើយនៅវេលាម៉ោង៦ល្ងាច កូនរបស់គាត់តែងតែមកដល់ផ្ទះជាប្រចាំជារៀងរាល់ថ្ងៃ។ ដោយឡែកនៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ មិនឃើញកូនរបស់គាត់ត្រឡប់មកផ្ទះដូចសព្វដង។ ដោយបាត់កូនយប់ហើយនៅតែមិន ឃើញមកផ្ទះវិញ ក្រុមគ្រួសារ និងអ្នកស្រុកក៏បាននាំគ្នាជួយបើកទូក ដើររកទាំងយប់ដែរ តែរកមិនឃើញ។ លុះព្រឹកឡើងទាំងសមត្ថកិច្ចក៏ដូចជា អាជ្ញាធរ រួមទាំងប្រជាពលរដ្ឋផង ក៏បាននាំគ្នាបើកកាណូតរុករក ក៏ប្រទះឃើញសាកសព នៅវេលាម៉ោង៨ព្រឹក នៅចំណុចខាងលើ។ ចំណែកទូកបាឡាដែលនាងជិះទៅរៀន គឺអណ្ដែតនៅកណ្ដាលទន្លេ ប្រមាណជាង៥០០ម៉ែត្រពីសាកសព៕