ឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ាម្នាក់ ពីបទគ្មានការងារធ្វើ គ្មានលិខិតឆ្លងដែន និងលើសទិដ្ឋាការស្នាក់នៅ បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធី!
រាជធានីភ្នំពេញ ៖ នៅថ្ងៃចន្ទ័ ១២កើត ខែកក្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៤និង៣០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនបរទេស ចំនួន០១នាក់ ឈ្មោះ EMEKA FRANKUZOIJ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិនីហ្សេរីយ៉ា នៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតនៅផ្លូវលេខ៥២៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ ពីបទស្នាក់ នៅប្រទេសកម្ពុជា គ្មានការងារធ្វើ គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន និងលើស ទិដ្ឋាការស្នាក់នៅ។
បន្ទាប់ពីមន្ត្រីជំនាញការិយាល័យបានធ្វើការសាកសួរ ជន នេះសារភាពថាបានចូលមក ប្រទេសកម្ពុជា នៅឆ្នាំ២០១៧ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយបានស្នាក់នៅផ្ទះលេខ៦០ ផ្លូវលេខ១៧២ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ បច្ចុប្បន្នគ្មានការងារធ្វើ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។
បច្ចុប្បន្នជនបរទេសខាងលើត្រូវបានឃាត់ខ្លួន បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕