លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ៣ ប្រតិកម្មទៅនិងការចុះផ្សាយបំប៉ោងខុសពីការពិតនិងសូមឲ្យវេបសាយ (website)មួយចំនួនមានការកែតម្រូវជាបន្ទាន់

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ បានប្រាប់បណ្ដាញសារព័ត៌មានហង្សតូចថា: ព័ត៌មានដែលបានចុះផ្សាយ <ជនសង្ស័យជួញដូរគ្រឿងញៀនជិតមួយគីឡូ ដែលហែកគុករត់គេចខ្លួនបាត់ស្រមោល>និងរឿងមួយទៀតថា<លោកសុំស្នើទៅលោកអធិការនគរបាលខណ្ឌមានជ័យឲ្យផ្នែកជំនាញដែលឃាត់ជនសង្ស័យជួយសហការជាមួយប៉ុស្តិ៍ដើម្បីយាមជនសង្ស័យ ដោយសារតែកំលាំងប៉ុស្តិ៍មានការងារច្រើនជាងផ្នែកជំនាញ>ហើយអ្វីដែលមានការចុះផ្សាយនោះគឺមិនមែនជាការពិតទេហើយលោកក៏មិនបានស្នើសុំទៅអធិការដែរ។

ជាក់ស្ដែងរឿងហេតុជនសង្ស័យ៤នាក់នោះគឺបានកើតឡើងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ២ មិនមែនកើតឡើងក្នុងសង្កាត់ស្ទឹងមានជ័យ៣នោះទេ។ ហេតុដូច្នេះលោកវរសេនីយ៍ត្រី ឯម ភារីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ៣សុំសំណូមពរដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់កុំមានការយល់ច្រឡំជាបន្តទៀតនិងបានស្នើដល់ម្ចាស់ៗវេបសាយ (Website)មួយចំនួនឲ្យមានការកែតម្រូវជាបន្ទាន់ជៀសវាងការយល់ច្រឡំពីមជ្ឈដ្ឋានខាងក្រៅ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ បានសហការជាមួយកម្លាំងអធិការខណ្ឌមានជ័យបានចុះបង្ក្រាបករណីគ្រឿងញៀន នៅបន្ទប់ ជួលលេខ១៦ ផ្លូវលំ ក្រុម៣ ភូមិ ដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ បានឃាត់ខ្លួន៤នាក់ នឹង ថ្នាំញៀន ចំនួនជិត ១គីឡូក្រាម ដោយជនសង្ស័យចំនួន០៤នាក់៖ ទី១-ឈ្មោះ សុខ លីន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុនរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ភ្នំពេញ។ ទី២-ឈ្មោះ ហុង បូរី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុនរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ភ្នំពេញ។ ទី៣-ឈ្មោះ វ៉ាន់ ធី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុនរបរមិនពិត ប្រាកដស្នាក់នៅវត្តនន្ទមុនី ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ភ្នំពេញ និងទី៤-ឈ្មោះ ហ៊ិន សុបិន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុនរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨០៧ ផ្លូវ លំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ភ្នំពេញ។