អាមេរិកនិងកូរ៉េខាងជើងត្រៀមចរចាម្ដងទៀត ខណៈកូរ៉េខាងជើងគំរាមងាកទៅរកនុយក្លេអ៊ែរវិញ
ប្រមុខការទូតអាមេរិក ម៉ៃ ប៉ុមប៉េអូ នឹងជួបជាមួយមនុស្សទី២ របស់កូរ៉េខាងជើងនៅសប្ដាហ៍នេះលើទឹកដីអាមេរិក។ ជំនួបនេះមានគោលដៅបន្តការជជែកលើការរំសាយនុយក្លេអ៊ែរទាំងស្រុងដែលអាមេរិក និងកូរ៉េខាងជើងឯកភាពគ្នាកាលពីជំនួបនៅសិង្ហបុរី ក៏ដូចជាត្រៀមរៀបចំជំនួបលើកទីពីររវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ គួរឲ្យកត់សម្គាល់នោះ កូរ៉េខាងជើងស្រាប់តែគំរាមវិលត្រឡប់ទៅរកនុយក្លេអ៊ែរវិញ បើអាមេរិកមិនដកទណ្ឌកម្មទេនោះ។
ជាង៥ខែមកហើយក្រោយជំនួបប្រវត្តិសាស្ត្ររវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានគណៈកម្មការកិច្ចការរដ្ឋកូរ៉េខាងជើង គីម ជុងអ៊ុន នៅឯសិង្ហបុរី។ ការរំសាយនុយក្លេអ៊ែរដែលបានមូលមាត់គ្នានោះ នៅតែមិនមានដំណើរការដូចក្ដីរំពឹងឡើយ ទោះជាមន្ត្រីជាន់ខ្ពស់ប្រទេសទាំងពីរជួបចរចាគ្នាច្រើនដងមកហើយក្ដី។ ភាពមិនជឿនលឿន និងការខ្វែងគំនិតគ្នារវាងអាមេរិក និងកូរ៉េខាងជើង ធ្វើឲ្យគេបារម្ភថា ពេលវេលាល្អនេះនេះអាចកន្លងទៅផុត។
យ៉ាងណាមិញ ក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង នឹងចាប់ផ្ដើមការចរចាថ្នាក់ខ្ពស់មួយជុំទៀតនៅក្នុងសប្ដាហ៍នេះ។ នៅថ្ងៃទី៤ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ប្រកាសថា លោកនឹងជួបជាមួយលោក គីម យ៉ុងឈុល នៅក្រុងញូវយ៉ក ដើម្បីបន្តការពិភាក្សាការលុបបំបាត់នុយក្លេអ៊ែរ និងលទ្ធភាពជំនួបលើកទីពីររវាងលោក ត្រាំ និងលោក គីម ។ លោកប្រាប់ទូរទស្សន៍ CBS ថា ភាគីរំពឹងការទៅមុខក្នុងចរចា និងធានាថា ជំនួបមេដឹកនាំនឹងកើតឡើងដើម្បីបញ្ចប់បញ្ហានុយក្លេអ៊ែរ។
ភាពទាល់ច្រកក្នុងដំណើរការចរចា ទំនងធ្វើឲ្យកូរ៉េខាងជើងមិនពេញចិត្ត ដ្បិតអាមេរិកនៅតែមិនទាន់ផ្ដល់ការលើកទឹកចិត្តអ្វីដល់កូរ៉េខាងជើង ទោះជារដ្ឋមួយនេះបានធ្វើសកម្មភាពមួយចំនួនរួចហើយក្ដី។ នៅចុងសប្ដាហ៍មុន ក្រសួងការបរទេសកូរ៉េខាងជើងបានសេចក្ដីថ្លែងការណ៍ព្រមានមួយថា ក្រុងព្យុងយ៉ាងនឹងពិចារណាឲ្យម៉ត់ចត់ក្នុងការស្ដារកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ បើទណ្ឌកម្មអាមេរិកមិនត្រូវបានលើកលែងទេនោះ។
ក្នុងកិច្ចសម្ភាសដាច់ដោយឡែកជាមួយទូរទស្សន៍ Fox News លោក ប៉ុមប៉េអូ មិនបារម្ភនឹងគំរាមនេះទេ។ ប្រមុខការទូតអាមេរិករូបនេះបញ្ជាក់ថា៖ «យើងកំពុងយកចិត្តទុកដាក់ខ្លាំង។ យើងដឹងថា យើងចរចាជាមួយនរណា យើងដឹងពីជំហររបស់កូរ៉េខាងជើង ហើយលោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ពីជំហររបស់យើងរួចហើយ។»
ជុំវិញការទាមទាររបស់កូរ៉េខាងជើងឲ្យអាមេរិកព្យួរទណ្ឌកម្មនោះ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះឆ្លើយវិញថា គ្មានការផ្ដល់ជំនួយសេដ្ឋកិច្ចអ្វីទេរហូតដល់អាមេរិកអាចសម្រេចគោលដៅរបស់ខ្លួន។ គោលដៅនោះ ក៏គ្មានអ្វីក្រៅពីការរំសាយនុយក្លេអ៊ែរទាំងស្រុងដែរ។ ប៉ុន្តែវាក៏ជាដើមចមនៃបញ្ហាចម្រូងចម្រាស់រវាងអាមេរិក និងកូរ៉េខាងជើង ដ្បិតជំនួបសិង្ហបុរីមិនបានចែងឲ្យជាក់លាក់ពីរបៀប និងកាលបិរ្ឆេទច្បាសលាស់អ្វីដែរ៕