លួចគេវាគ្រាន់ដល់ពេលគេទាន់ជាប់ខ្នោះ ឃាត់ខ្លួនជនសង្ស័យម្នាក់លួច យកម៉ូតូ ០១ គ្រឿងម៉ាក ហុងដា សេ១២៥ នៅខណ្ឌមានជ័យ
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ បានចាប់វាយខ្នោះជនសង្ស័យម្នាក់ក្រោយពីធ្វើសកម្មភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេច កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃត្រង់ថ្ងៃទី ៧ ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចផ្ទះជួលនៅក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមសម្ដីរបស់នារីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបនាងបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅពាក់ស្លាកលេខ កណ្ដាល 1U-5100 ចេញពីកន្លែងធ្វើការបំណងមកលេងផ្ទះជួលរបស់ប្អូនស្រីដែលនៅកន្លែងកើតហេតុ។ខណៈមកដល់បន្ទប់ជួលរបស់ប្អូនស្រីរូបនាងក៏បានទុកម៉ូតូនិងចាក់សោ.កត្រឹមត្រូវនៅមុខបន្ទប់ ហើយក៏បានចូលទៅសម្រាកនៅខាងក្នុង។ លុះមួយសន្ទុះក្រោយមកស្រាប់តែឮសំឡេងម៉ូតូរបស់នាងឆេះក៏បើកទ្វារបន្ទប់មកមើលស្រាប់តែឃើញជនសង្ស័យឡើងជិះម៉ូតូបំណងគេចខ្លួនតែដោយសារតែនាងស្រែកផ្អើលឆោឡោនិងដេញតាមពីក្រោយ ហើយជនសង្ស័យក៏បានជិះម៉ូតូទៅប៉ះជាមួយក្មេងម្នាក់នៅស្នាក់នៅកន្លែងកើតហេតុ ក៏បានដួលម៉ូតូនោះរូបនាងក៏បានចាប់ជនសង្ស័យបានភ្លាមជាមួយនឹងអ្នកនៅបន្ទប់ជួលហើយក៏នាំគ្នាស្វាគមន៍ម្នាក់មួយដៃមួយជើងផងដែរ។ រួចក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣មកយកជនសង្ស័យទៅសាកសួរ។ហើយជនសង្ស័យបានសារភាពថាពិតជាបានលួចប្រាកដមែន
ជនសង្ស័យឈ្មោះ ឈួន ខំ ភេទប្រុស អាយុ២៨ ឆ្នាំជនជាតិខ្មែរ មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មុខរបរ កម្មករសំណង់ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។
ចំណែកជនរងគ្រោះជនរងគ្រោះឈ្មោះ ផាន់ គ្រី ភេទស្រី អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន ។
វត្ថុតាងចាប់យក ៖ ម៉ូតូ ០១ គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ឆ្នាំ ២០ៀ១៧ លេខតួ+ម៉ាសុីន ៩៧៩៥៤៨៤ ពាក់ស្លាកលេខ កណ្តាល 1U-5100 (ជារបស់ជនរងគ្រោះ) និង ដែកកាច់រាងអក្សរតេ (T) ចំនួន០១ (ជារបស់ជនសង្ស័យ) ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ឈួន ខំ ឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី។រីឯម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះវិញហើយ។