គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះបំបែកសម្បុកគ្រឿងញៀន និងបង្ក្រាបហ្គេមបាញ់ត្រី មួយកន្លែង នៅសង្កាត់ស្វាយប៉ាក (ស្ថាននីយ៍បូមទឹក គីឡូម៉ែតលេខ៩)
រាជធានីភ្នំពេញ ៖ រសៀលថ្ងៃសៅរ៍ ៧ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៣និង៣០ នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយ ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងមានការចូលរួមពី លោក លីន ញ៉ក់ អភិបាលរងខណ្ឌ លោកវីរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ និង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ បានដឹកនាំបញ្ជា កម្លាំងចម្រុះ រួមមាន ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ការិយាល័យសាធារណការ អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌ មន្ត្រីសាលាខណ្ឌ កម្លាំងសណ្ដាប់ធ្នាប់សាលាខណ្ឌ គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ស្វាយប៉ាក នគរបាលប៉ុស្តិ៍សង្កាត់ មេភូមិ និងប្រជាការពារសង្កាត់ បានចុះបង្ក្រាបសម្បុកគ្រឿងញៀន និងទីតាំងបើកលេងល្បែងស៉ីសងខុសច្បាប់ ហ្គេមបាញ់ត្រី មួយកន្លែង ស្ថិតនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ស្ថាននីយ៍បូមទឹក គីឡូម៉ែតលេខ៩)។
ក្នុងប្រតិបត្តិការដ៏ក្ដៅគគុកនេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានឆ្មក់ចូលបង្ក្រាបភ្លាមៗតែម្ដង ខណៈដែល ជនសង្ស័យមួយចំនួន កំពុងតែសេពគ្រឿងញៀន និងកំពុងតែលេងហ្គេម នៅក្នុងផ្ទះមួយកន្លែង ដែលជាប់នឹងបណ្ដោយផ្លូវជាតិលេខ៥។ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន ១០ នាក់ (ស្រី ០១ នាក់) និងបានដកហូត វត្ថុតាងមួយចំនួន រួមមាន ៖ គ្រឿងញៀនមួយចំនួន ទូរហ្គ្រេមបាញ់ត្រី ចំនួន ០២ គ្រឿង ម៉ូតូ ចំនួន ០៣ គ្រឿង កង់ ចំនួន ០១ គ្រឿង និងសម្ភារៈបង្កបទល្មើសមួយទៀតទៀត។
បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាង ត្រូវបាន កម្លាំងគណៈបញ្ជាឯកភាពរដ្ឋបាលខណ្ឌ នាំយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាបន្តទៀត៕