ឯកឧត្ដម​នាយឧត្ដមសេនីយ៍​សន្តិបណ្ឌិត​ នេត​ សាវឿន​ បញ្ជាអោយ​ស្រាវជ្រាវ​បង្ក្រាប​ករណី​បេីកល្បែងស៉ីសង​តាមអនឡាញ​ Keno online

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២០​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ បានមានប្រសាសន៍ប្រាប់​អ្នកកាសែត ថា​ បន្ទាប់​ពី​ទទួល​បាន​សេចក្ដី​រាយការណ៍​អំពី​ករណី​ ក្រុមហ៊ុន​ ស៉ីន​នីវ​ ទទួលបាន​អាជ្ញា​ប័ណ្ណ​ធ្វើ​អាជីវកម្ម​ឆ្នោត​ឡូតូ​ ហេីយបំប្លែងជាល្បែងស៉ីសង​តាម​អនឡាញ​ Keno online រួចមក​ ឯកឧត្តម​នាយឧត្ដមសេនីយ៍​ អគ្គស្នងការ​នគរបាលជាតិ​ បាន​បញ្ជាអោយ​នាយកដ្ឋាន​ជំនាញ​ចុះ​ស្រាវជ្រាវ​ដេីម្បី​មានចាត់វិធានការតាមច្បាប់​ ដោយមិនលេីកលែងឡេីយ​ ។
ឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​ សៀង​ សេង​ ប្រធាននាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​ បានអោយដឹងដែរថា​ ឯកឧត្តម​បានទទួល​បទបញ្ជា​ដ៏ម៉ឺងម៉ាត់​ពី​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​អគ្គស្នងការ​នគរបាលជាតិ​ រួចហេីយ​នៅរសៀល​ថ្ងៃនេះ​ ដេីម្បី​ដឹកនាំ​កម្លាំង​ស្រាវជ្រាវ​ករណី​ក្រុមហ៊ុន​ សិន នីវ​ ដែល​ប្រជាពលរដ្ឋ​រាយការណ៍​ថា​បាននឹងកំពុង​បេីកល្បែងស៉ីសង​តាមអនឡាញ​ Keno Online ជ្រកក្រោម​ស្លាក​ ឆ្នោត​ឡូតូ​ ។
ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ បានបន្ថែមថា​ បេីក្នុងករណី​សមត្ថកិច្ច​របស់​លោក​ស្រាវជ្រាវ​រក​ឃើញ​ការពិត​ដូចប្រជាពលរដ្ឋរាយការណ៍​ ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ នឹងចាត់​ការតាមច្បាប់​តែម្ដង​ ។
គួរបញ្ជាក់ថា​ ករណី​ក្រុមហ៊ុន​ សិន នីវ​ ដែល​ទទួលបាន​អាជ្ញា​ប័ណ្ណ​ពី​រាជរដ្ឋាភិបាល​ និង​ ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ អោយធ្វេី​អាជីវកម្ម​ឆ្នោត​ឡូតូ​ ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា​ ក្រុមហ៊ុន​នេះ​បានបំប្លែងឆ្នោតឡូតូ​ទៅ​ជា​ល្បែង​ស៉ីសង​តាមអនឡាញ​ បង្វក់ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ដោយគ្មាន​ខ្លាច​សមត្ថកិច្ច​អ្វី​ទាំងអស់​ ។ ជាពិសេស​ក្រុមហ៊ុន​ បានដាក់​តាំង​ទូរទស្សន៍​តាម​ហាងនានាជាសាធារណៈថែមទៀតផង​ ។
ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់នេះ​ តំណាង​ក្រុមហ៊ុន​ ស៉ីន​ នីវ​ មួយរូប​បានអោយដឹងថា​ ក្រុម​ហ៊ុន​ របស់​លោក​ ពិតជា​ទទួលបាន​អាជ្ញា​ប័ណ្ណ​ពី​រាជរដ្ឋាភិបាល​និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ អោយធ្វេី​អាជីវកម្ម​ឆ្នោត​ឡូតូ​មែន​ តែ​មិនបាន​បេីកល្បែងស៉ីសង​តាមអនឡាញ​នោះទេ​ ។
ទោះជាយ៉ាងណាក្ដី​ មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ មួយរូប​បានង្ហេីបអោយដឹងថា​ អាជ្ញា​ប័ណ្ណ​របស់​ក្រុម​ហ៊ុន​ ស៉ីន​ នីវ​ បានហួសសុពលភាពហេីយ​ ហេីយ​ក្រុម​ហ៊ុន​នេះ​នៅ​តែ​លួចលាក់​ធ្វើ​អាជីវកម្ម​ដោយមិនរាយការណ៍​ជូនក្រសួងនោះទេ​ ។ ពាក់ព័ន្ធនឹងការបំពានរបស់ក្រុមហ៊ុននេះ​នេះ​ ក្រសួង​កំពុង​ចាត់​ការ​តាមនិតិវិធី​ផងដែរ​ដោយ​ពិន័យ​ក្រុមហ៊ុន​តាមច្បាប់​កំណត់​ ។  ចំពោះ​ព័ត៌មាន​ដែល​ថា​ក្រុមហ៊ុន​នេះ​បានបំប្លែងឆ្នោតឡូតូ​ទៅ​ជា​ល្បែង​ស៉ីសង​តាមអនឡាញ​បង្វក់ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​នោះ​ បេី​ សមត្ថកិច្ច​ស្រាវជាវ​រកឃើញ​ ក្រុមហ៊ុន​នេះ​អាចប្រឈម​មុខ​ចំពោះ​ផ្លូវ​ច្បាប់​ផង​ និង​ អាចដកអាជ្ញាប័ណ្ណវិញផងដែរ​ ។
យេីងខ្ញុំ​សូមគាំទ្រ​ចំណាត់ការ​របស់​ឯកឧត្តម​នាយឧត្ដមសេនីយ៍​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ ដែល​បានដាក់​បទបញ្ជា​ដ៏ម៉ឺងម៉ាត់​ចាត់ការ​តាមច្បាប់​ចំពោះ​ករណី​នេះ​ ។