យីស! អា “តេវ” ត្រូវប៉ូលិសចាក់អង្រែក្រោម ឃាត់ខ្លួន ប្រគល់ឲ្យមូលដ្ឋានចាក់អង្រែលើវិញ បន្ទាប់ពីលួចម៉ូតូរបស់ពូម៉ូតូឌុប ហើយជិះរត់មិនរួច…!
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់ម៉ូតូ បានជិះម៉ូតូមកឈប់មុខផ្ទះលក់ភេសជ្ជៈនិងចាប់ហួយ ដោយមិនបានពន្លត់ម៉ាស៊ីនទេ ព្រោះម៉ូតូអត់សោរ រួចចូលទៅទិញទឹកក្រូច ស្រាប់តែងាកមកមើលម៉ូតូ ឃើញជនសង្ស័យម្នាក់ ជិះចេញទៅ ទើបស្រែក ចោរៗ ផ្អើលឆោឡោឡើង ហើយត្រូវប្រជាពលរដ្ឋជួយដេញតាមរហូតតាមចាប់ឃាត់បានមកវិញ រួចស្វាគមន៍ម្នាក់មួយដៃមួយជើង ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកវាយខ្នោះបញ្ជូនទៅសាកសួរនៅប៉ុស្តិ៍ភ្លាមៗផងដែរ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៨:១០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមុខផ្ទះលក់ភេសជ្ជៈនិងចាប់ហួយមួយកន្លែង នៅតាមផ្លូវជាតិលេខ២ ជិតច្រកចូលរោងអ្នកតាចិន (ប៊ិ អៀ) ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយព្យាយាមជិះម៉ូតូគេចខ្លួននិងឃាត់ខ្លួនបាន នៅទល់មុខរោងចក្រ៥ជាន់(បាយក្ដាំង) ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ងៀង វាំងសឺង ហៅ “អា តេវ” ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ(មិនពិតប្រាកដ) ស្នាក់នៅផ្ទះជួលជាមួយមីង នៅម្ដុំស្ពានបាក់ ខណ្ឌច្បារអំពៅ ភ្នំពេញ។ ចំណែកជនរងគ្រោះដែលជាម្ចាស់ម៉ូតូឈ្មោះ ហឹម រ៉ាគឿន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលម្ដុំចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពពីបុរសម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ភ្នាក់ងារបណ្ដាញសារព័ត៌មានហង្សតូច ដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿង ម៉ាកសង់កូរ៉េស៊េរីចាស់ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AQ-7368 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូង លុះមកដល់មុខផ្ទះលក់ភេសជ្ជៈនិងចាប់ហួយកើតហេតុខាងលើ គាត់បានឈប់ម៉ូតូ ដោយមិនបានពន្លត់ម៉ាស៊ីនទេ ព្រោះម៉ូតូអត់សោរ រួចចុះពីលើម៉ូតូ ចូលទៅទិញទឹកក្រូច ហើយក៏ងាកមកមើលម៉ូតូរបស់គាត់វិញ ស្រាប់តែឃើញជនសង្ស័យម្នាក់ ឡើងជិះលួចចេញទៅ ទើបគាត់ស្រែក “ចោរៗ” ឆោឡោឡើង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋជួយនាំគ្នាជួយដេញតាម ចំណែកគាត់ក៏បានលើកដៃសំពះបុរសម្នាក់ដែលជាមន្ត្រីរាជការ តែស្លៀកពាក់ស៊ីវិល ដោយសុំអោយជួយដឹកតាមជនសង្ស័យផង ទើបគាត់យល់ព្រមជិះទៅតាមរកមើលដែរ លុះគាត់ជិះតាមរកដល់ជិតស្តុបបត់ទៅផ្លូវ៦០ម៉ែត្រ ស្រាប់តែមានប្រជាពលរដ្ឋបានជិះមកប្រាប់គាត់ថា ពូៗ ចាប់បានចោរលួចម៉ូតូពូហើយ ទើបគាត់ជិះត្រលប់ក្រោយមកដល់ មុខរោងចក្រ៥ជាន់(បាយក្ដាំង) ឃើញបងប្អូនប្រជាពលរដ្ឋកំពុងស្វាគមន៍ម្នាក់មួយដៃមួយជើង បែកមុខបែកមាត់ ទើបរាយការណ៍ប្រាប់កម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ចុះមកកន្លែងកើតហេតុ។ ហើយសមត្ថកិច្ចបានធ្វើការឆែកឆេរ ឃើញមានដែកលួសចុងស្រួលដែលជាឧបករណ៍សម្រាប់ឆ្កឹះចោរគ្រប់ប្រភេទ រួមទាំងប្រដាប់ជក់ថ្នាំញៀនមួយទៀត រួចវាយខ្នោះបញ្ជូនទៅធ្វើការសាកសួរនៅប៉ុស្តិ៍ភ្លាមៗផងដែរ។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនបាននោះ ជនសង្ស័យបានរៀបរាប់ប្រាប់ថា រូបគេទើបតែស្គាល់បុរសម្នាក់ឈ្មោះ ឆែប (តែមិនដឹងផ្ទះនៅណាទេ) ដែលបានស្គាល់គ្នាប្រហែល៥-៦ថ្ងៃទេ នៅកន្លែងណេតមួយកន្លែង នៅប្លុកក្បែរកន្លែងកើតហេតុខាងលើ ហើយនៅថ្ងៃកើតហេតុនេះទេ ដោយសារតែរូបគេទាំង២នាក់ ទៅជក់ថ្នាំហើយមកវិញលេងណេតចាញ់អស់លុយដូចគ្នា ទើបនិយាយត្រូវរ៉ូវគ្នា ក៏បបួលគ្នាចេញឆក់ ហើយក៏ប្រទះឃើញបុរសរងគ្រោះជិះម៉ូតូមកឈប់ចូលទៅទិញទឹកក្រូច ហើយមិនពន្លត់ម៉ាស៊ីនទៀត ដែលជាឱកាសល្អ ទើបបុរសឈ្មោះ ឆែប បានប្រាប់ឲ្យដឹង រួចរូបគេក៏រត់ឡើងជិះម៉ូតូរបស់ជនរងគ្រោះនោះ បើករត់ចេញបានជិត១គីឡូម៉ែត្រ ខណៈពេលម៉ូតូជិះមិនសូវបានលឿនផង ស្រាប់តែឃើញគេនាំគ្នា ជិះដេញតាមពីក្រោយមក ស្ទាក់និងឃាត់ខ្លួនបានតែម្ដង។
ក្រោយពេលកើតហេតុជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹង ដោយសារតែករណីនេះបានកើតឡើងនៅក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើ ទើបកម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានប្រគល់ជនសង្ស័យ ទៅអោយប៉ុស្តិ៍នគរបាលចាក់អង្រែលើវិញ ដើម្បីយកទៅធ្វើការសាកសួរបន្ត និងកសាងសុំណំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការតាមច្បាប់៕ (អត្ថបទរូបភាព អាតេវ)