ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្ដល់អំណោយជា អង្ក ថវិកា អាវភ្លៀង និងម៉ាស់ ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ ÷ នាព្រឹកថៃ្ងច័ន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ នៅស្នងការដ្ឋានគរបាលខេត្ដកំពង់ស្ពឺ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អុិន បូរ៉ា អគ្គស្នងការរង នគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាននាំយកអំណោយជា អង្ក ថវិកា អាវភ្លៀង និងម៉ាស់ មកចែកជូនដល់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ផ្ដល់ជូនអោយកងកម្លាំងដេីម្បីប្រេីប្រាស់ក្នុងបេសកកម្ម ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងហេតុការណ៍គ្រោះថ្នាក់ផ្សេងៗ ពិសេសគ្រោះធម្មជាតិ ។
របាយការណ៍ស្វាគមន៍ដោយលោក ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ ស្ដីពីកិច្ចសហការប្រតិបត្ដិការជួយជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព និងកិច្ចការជួយអន្ដរាគមន៍ក្រោយជំនន់ទឹកភ្លៀងរហ័សក្នុងខេត្ដកំពង់ស្ពឺកន្លងមក ក្រោមកិច្ចដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដកំពង់ស្ពឺ និងការសហការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងខេត្ដ ធ្វើឱ្យខេត្តកំពង់ស្ពឺទាំងមូលមិនមានជនរងគ្រោះដោយសារតែគ្រោះធម្មជាតិបង្កឱ្យបាត់បង់អាយុជីវិតមនុស្សឡេីយ។
នេះដោយសារតែកងកម្លាំងបានម្ចាស់ការត្រៀមបង្ការជាមុននូវផែនការបម្រុងសម្រាប់កិច្ចការជួយសង្គ្រោះ ក្នុងឧប្បវហេតុចៃដន្យណាមួយ ដូចជាគ្រោះមហន្ដរាយកេីតឡេីងភ្លាមៗ ពិសេសគ្រោះធម្មជាតិ ទឹកជំនន់តែម្ដងកងកម្លាំងអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានចេញប្រតិបត្ដិការដោយឈរលេីការទទួលខុសត្រូវខ្ពស់ ការខិតខំប្រឹងប្រែងធ្វេីយ៉ាងណាជួយសង្រ្គោះប្រជាពលរដ្ឋ ទ្រព្យសម្បត្តិ មិនអោយស្លាប់ឬបាត់បង់អាយុជីវិតមនុស្ស ការផ្ដល់ជាកំលាំងក្នុងការជួយដោះស្រាយការងារបន្ទាន់និងចាំបាច់។
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរង នគរបាលជាតិ ក្នុងនាម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលទាំងអស់ដែលបានបំពេញការងារជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងរហ័ស ដែលនេះគឺជាកាយវិការដ៏ល្អប្រពៃ និងជាទម្លាប់ល្អរបស់កងកម្លាំងនគរបាល គ្រប់ពេលមានទុក្ខតែងតែមានមុខនគរបាលជួយអន្ដរាគមន៍ជូនពួកគាត់ ។ ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា តែងតែក្រេីនរំលឹកដាស់តឿនដល់កងកម្លាំង ទាំងអស់ថាមិនត្រូវទុកអោយប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយសារតែយេីងមិនបានដឹងហ្នឹងជួយនោះទេ កងកម្លាំងរបស់ជាតិ ត្រូវលះបង់បម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងជាអ្នកបម្រេីពលរដ្ឋ មិនមានពលរដ្ឋជួបទុក្ខលំបាក រត់ចោលទុក្ខអោយពួកគាត់លំបាកនោះទេ។
នាឱកាសនោះដែរ ឯកឧត្ដម អគ្គស្នងការរង បាននាំយកអំណោយរបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ផ្ដល់ជូនស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ រួមមាន អង្ក ១៥ តោន អាវភ្លៀង ម៉ាស់ និងថវិកា ១០ លានរៀល ៕