បុរសបរទេស២នាក់ បើករថយន្តទំនើបAudi TFS គេចម៉ូតូជ្រុលទៅបុកបង្គោលភ្លើង​ មុខ​សកលវិទ្យាល័យ​ជាតិគ្រប់គង!


រាជធានីភ្នំពេញ​ ៖ ជនបរទេស២នាក់ បើករថយន្តស៊េរីទំនើបAudi TFS មួយគ្រឿង​ ក្នុងល្បឿនលឿន បានគេចពីម៉ូតូក៏ជ្រុលទៅបុកបង្គោលភ្លើង ពេញទំហឹង​ បង្កការខូតខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងនៅវេលាម៉ោង០១:១០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចផ្លូវព្រះមុនីវង្សកែង និងផ្លូវមុខនិងវិទ្យាស្ថានជាតិគ្រប់គ្រង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានរៀបរាប់​ប្រាប់ថា នៅមុនពេលកើតហេតុ​គេបានឃើញរថយន្តសេរីទំនើបមួយគ្រឿង​ ម៉ាក Audi TFS ពណ៍កណ្ដុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ​ 2AB-3011 បើកបរដោយបុរសបរទេស២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុង​ទិសដៅ​ពី​ជើងទៅត្បូង​ និង​ក្នុង​ល្បឿន​យ៉ាង​លឿន​ លុះមកដល់​ចំណុច​កើត​ហេតុ​រថយន្ត​ខាងលើ​ក៏​បាន​បត់​ឆ្វេង​ទៅផ្លូវលេខ៩៦​ ដោយខ្វះការ​ប្រុងប្រយ័ត្ន​ ខណ:ពេល​នោះ​ក៏ស្រាប់តែមាន​ម៉ូតូ​មិន​ចាំម៉ាកមួយគ្រឿង​ទៀត​ បានបើក​បញ្រ្ចាស​ទិសដៅ​ចរាចរណ៍​ បង្កឲ្យ​រថយន្ត​ខាងលើ​អកហ្សើនិងម៉ូតូនោះ​។ ហើយរថយន្តក៏បានកាច់​ចង្កូត​គេច​ពីម៉ូតូទៅខាងស្តាំក៏ជ្រុលទៅបុក​និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយដើម​ដែលនៅ​តាមចិញ្ចើមផ្លូវ​បណ្តាល​ឲ្យ​វៀច​ទ្រេត។​ ចំណែក​ឯ​រថយន្ត​រង​ការ​ខូចខាត​ផ្នែកខាងមុខ​ចំហៀង​ខាង​ស្តាំ​យ៉ាង​ដំណំ​ទៅ​មុខ​លែង​រួច​។ ហើយចំ​ពោះ​ហេតុ​ការណ៍​ខាង​លើ​គឺ​មិន​បង្ក​ឲ្យ​មាន​នរណា​ម្នាក់​រងរបួស​នោះ​ទេ។

ភ្លាមនោះជនបរទេសទាំង២នាក់នោះបានទាក់ទងហៅអ្នកបកប្រែអោយចុះកន្លែងកើតហេតុ ដើម្បីជួយដោះស្រាយ រួចជនបរទេសនោះក៏ឡើងរថយន្តមួយគ្រឿងទៀត បើកចេញពីកន្លែងកើតហេតុបាត់ទៅ ។

បច្ចុប្បន្នក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ រួចទាក់ទងទៅកាន់សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកកន្លែងកើតហេតុ​ រួចធ្វើការវាស់វែង​ និងស្ទូចរថយន្តបង្ក យករក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយលើការខូចខាតទ្រព្យសម្បត្តិរដ្ឋពេលក្រោយទៀត៕