លួចគេបានវាគ្រាន់ បើគេទាន់ទ្រោមខ្លួនចឹង ជនសង្ស័យ៣នាក់លួចម៉ូតូ ត្រូវសមត្ថកិច្ចស្ទឹងមានជ័យ៣ ឃាត់ខ្លួនបានភ្លាមៗ

ភ្នំពេញ៖ ជនសង្ស័យ៣ នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ធ្វើការឃាត់ខ្លួនក្រោយគេធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេច ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១៥ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ទី ១/ ឈ្មោះហៃ ណាវុធ អាយុ ៣៨ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ។
ទី/២ ឈ្មោះ ចាន់ មករា អាយុ២៨ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ ។
ទី/៣ ឈ្មោះ អុល ភ័ណ្ឌ ហៅ(ពៅ)ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ។

ចំណែកជនរងគ្រោះមានឈ្មោះ អ៊ន់ អង់ អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់នៅបន្ទប់ជួលភូមិកើតហេតុខាងលើ។ បើតាមសម្តីជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានចេញមកពីធ្វើការ ពេលមកដល់ទុកម៉ូតូនៅមុខបន្ទប់ជួលដោយចាក់សោរ-ក ហើយចាក់សោរជន្ទល់រួចចូលទៅមុជទឹក ពេលដែលមុជទឹករួចគាត់ក៏បានមកមើលម៉ូតូស្រាប់តែអត់ឃើញ ពេលនោះគាត់បានស្លៀកកន្សែងហៅម៉ូតូអ្នកដែលនៅក្បែរគ្នាអោយជិះជូនដើររក ស្រាប់តែឃើញជនសង្ស័យកំពុងជិះម៉ូតូរបស់ខ្លួននៅម្ដុំលូ៥ ក៏ស្រែកថាចោរៗផ្អើលដល់ប្រជាពលរដ្ឋ ស្របពេលនោះកម្លាំងនគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ កំពុងតែជិះម៉ូតូល្បាតក៏ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់យកមកសួរនាំនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថាពួកគេពិតជាបានលួចម៉ូតូរបសសជនរងគ្រោះពិតប្រាកដមែន ដោយពួកគេឃើញម៉ូតូរបស់ជនរងគ្រោះចាក់សោរទុកនៅមុខបន្ទប់ ពេលនោះពួកគេក៏បានចូលទៅសែងម៉ូតូរបស់ជនរងគ្រោះបានប្រហែលជា១០ម៉ែត្រ ហើយក៏បានដោះកុងទ័រដើម្បីបញ្ឆេះ នឹងកាច់បំបាក់សោរជន្ទល់ដើម្បីជិះបម្រុងយកទៅលក់តែក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាប់បានតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្ត។