នាយករដ្ឋមន្ត្រីវៀតណាម៖ ចំណូលប្រជាជនម្នាក់អាចកើនដល់ ១៨ ០០០ដុល្លារ ក្នុងមួយឆ្នាំត្រឹមឆ្នាំ២០៤៥
រដ្ឋាភិបាលក្រុងហាណូយ បានប្តេជ្ញាចិត្តធ្វើឲ្យសេដ្ឋកិច្ចវៀតណាមកាន់តែរីកលូតលាស់ដូចបណ្តាប្រទេសមានការអភិវឌ្ឍខ្ពស់របស់ពិភពលោកមួយចំនួន និងជាពិសេសនោះ ធ្វើយ៉ាងណាកែប្រែចំណាត់ថ្នាក់សេដ្ឋកិច្ចរបស់ខ្លួន ដែលធ្លាប់តែទាបជាងបណ្តាប្រទេសមិត្តជិតខាង។ ក្រុងហាណូយ ក៏ទទូចឲ្យអ្នកជំនាន់ក្រោយៗ បន្តអភិវឌ្ឍខ្លួនទៅមុខទៀតផងដែរ។
នៅចំពោះមុខរដ្ឋសភាជាតិថ្ងៃ០១ វិច្ឆិកាកន្លងទៅ លោកនាយករដ្ឋមន្ត្រី Nguyễn Xuân Phúc បានសម្តែងពីសុទិដ្ឋិនិយមខ្ពស់លើកម្រិតនៃការលូតលាស់របស់ប្រទេសវៀតណាមបច្ចុប្បន្ន ដែលធ្វើឲ្យលោកនាយករដ្ឋមន្ត្រី អាចហ៊ានកំណត់ថា វៀតណាម នឹងអាចមានផលិតផលក្នុងស្រុកសរុបរហូតដល់ ២.៥ ទ្រីលានដុល្លារ និងចំណូលរបស់ប្រជាជនម្នាក់ក្នុងមួយឆ្នាំ អាចទទួលបាន ១៨០០០ ដុល្លារ នៅត្រឹមឆ្នាំ២០៤៥។ នេះបើយោងតាមកចុះផ្សាយរបស់សារព័ត៌មានវៀតណាម Vietnam News។
លោកនាយករដ្ឋមន្ត្រី ទទួលស្គាល់ថា ដើម្បីអាចទៅដល់ចំណុចនេះ វៀតណាម ត្រូវមានការផ្លាស់ប្តូរច្រើន និង ថែមទាំងតម្រូវឲ្យអ្នកជំនាន់ក្រោយមានមហិច្ឆតាខ្ពស់ ហើយមិនត្រូវបោះបង់គោលដៅទៅមុខ ក្នុងការធ្វើឲ្យប្រទេសមានភាពរុងរឿងនោះទេ។ លោក លើកឡើងថា បច្ចុប្បន្នវៀតណាមអាចធានាពីកំណើនរៀងរាល់ឆ្នាំ ៦ភាគរយ ខណៈទំហំសេដ្ឋកិច្ច កើន ១៧.៤ ដង ក្នុងរយៈ៣ទសវត្សរ៍ចុងក្រោយ។
ខណៈទទួលស្គាល់ថា ស្ថានភាពសេដ្ឋកិច្ចស្ថិតនៅក្នុងស្ថានភាពលំបាកនៅឡើយ លោកនាយករដ្ឋមន្ត្រី នៅតែមើលឃើញពីភាពល្អប្រសើរ និងការវិវត្ត នៃសេដ្ឋកិច្ចជាតិ កាន់តែមានគម្លៀតតិចជាងមុន ធៀបនឹងបណ្តាប្រទេសជឿនរបស់ពិភពលោក ក៏ដូចជាប្រទេសក្នុងតំបន់ផងដែរ។
« នៅដើមទសវត្សទី៩០ ចំណូលមនុស្សម្នាក់របស់សិង្ហបុរី ខ្ពស់ជាងវៀតណាមរហូតដល់១២៥ដង ហើយឥលូវ នៅត្រឹម ២៤ដងប៉ុណ្ណោះ។ ថៃ ធ្លាប់ខ្ពស់ជាងវៀតណាម ១៦ដង តែពេលនេះ នៅត្រឹមតែ ២.៥ ដង។ បើធៀបជាមួយនឹងជប៉ុនឯណោះវិញ គម្លៀតរវាងប្រទេសទាំងពីរ បានធ្លាក់ចុះពី២៦៧ដង មកត្រឹម ១៦ដង ខណៈ អាមេរិកធ្លាក់ពី ២៥២ដង មក ២៥ ដង»។ នេះ គឺជាការប្រៀបធៀបកំណើនសេដ្ឋកិច្ចវៀតណាមតាមរយៈចំណូលប្រចាំឆ្នាំរបស់មនុស្សម្នាក់ របស់លោកនាយករដ្ឋមន្ត្រី ក្នុងសម័យប្រជុំជាមួយសភា។
សម្រាប់លោកនាយករដ្ឋមន្ត្រី អ្វីដែលវៀតណាម ត្រូវផ្តោតសំខាន់នៅចំពោះមុខនោះគឺ យកបញ្ហាកសាងធនធានមនុស្ស ជាបេះដូង និងអាទិភាពក្នុងការដំណើរការអភិវឌ្ឍ ហើយផលិតកម្មការងារ ត្រូវប្រព្រឹត្តឡើង ដោយយកការចៃ្នប្រឌិត វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាគោល ពោលគឺ ប្រជាជន ត្រូវតែមានការផ្លាស់ប្តូរឲ្យស្របតាមដំណាក់កាលទី៤ នៃបដិវត្តន៍ឧស្សាហកម្ម ដែលសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មនានា ពឹងផ្អែកខ្លាំងលើបច្ចេកវិទ្យា និងការច្នៃប្រឌិតខ្ពស់ទើបទទួលបានឱកាសច្រើននោះ៕