សម្ដេចតេជោ ហ៊ុនសែន ថ្លែងអំណរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគថវិកា ជូនប្រជាពលរដ្ឋ គ្រោះទឹកជំនន់

ភ្នំពេញ៖ តាមរយៈបណ្តាញសង្គមហ្វេសបុក នៅល្ងាចថ្ងៃទី ១៣ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេស។
សម្តេចតេជោ បានបញ្ជាក់ថា៖ «គិតត្រឹមម៉ោង ៦ល្ងាចថ្ងៃ ១៣តុលា ២០២០នេះ ថវិកាទទួលបាន ១លានដុល្លារ»។ ជាមួយគ្នាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញឈ្មោះសប្បុរសជន ដែលបានបរិច្ចាគថវិកាចូលរួមជួយពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងនោះរួមមាន៖
១. អ្នកឧកញ៉ា​ គិត ម៉េង​ និង​លោកជំទាវម៉ៅ ចំណាន ចំនួន ២០​មុឺនដុល្លារ។
២.ក្រុមហ៊ុនជីប ម៉ុង ចំនួន ៣០មុឺនដុល្លារ។
៣.លោកឧកញ៉ា​ ថៃ ជាហួត​ ក្រុមហ៊ុន ប៉េង ហួត​ចំនួន ២០មុឺនដុល្លារ។
៤.លោកឧកញ៉ា​ ដួង ឆាយ​ និង​លោកជំទាវ​ ដេត ម៉ាលីណា​ ចំនួន ១០មុឺនដុល្លារ។
៥.លោកជំទាវឧកញ៉ា​ ង៉ូវ ម៉ុច​ និង​លោកឧកញ៉ា​ង៉ូវ ស្រ៊ុន​ ចំនួន ១០ម៉ឺនដុល្លារ។
៦.លោកឧកញ៉ា​ ថោង សារ៉ាត​ និង​លោកជំទាវ​ ធីតា​ ចំនួន ១០មុឺនដុល្លារ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ថវិកាដែលសប្បុរសជនចូលរួមនេះនឹងចាត់ចែងជួយសង្រ្គោះបន្ទាន់តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ក្នុងករណីយមានសប្បុរសជនចង់ចូលរួមបន្ថែមទៀតសូមទាក់ទងលោកសេង ទៀង​ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។
ទន្ទឹមនឹងការអរគុណដល់សប្បុរសជនដែលចូលរួមជួយ ប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល ក្នុងពេលដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវី១៩ និងជួបគ្រោះមហន្តរាយជំនន់ទឹកភ្លៀងនាពេលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានភ្ជាប់ជាមួយនូវពាក្យស្លោកមួយឃ្លា គឺ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»៕