ពិធីចែកអំណោយសប្បុរសធម៌ ដល់ជនមានពិការភាពចំនួន ៤៨៥នាក់ ក្រោមជំនួយឧបត្ថម្ភរបស់អង្គការមូលនិធិសប្បុរសធម៌-ឆឺជី

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ៩ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ អង្គការមូលនិធិសប្បុរសធម៌ ឆឺជី បានផ្តល់ថវិកា​ គ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់​ ជូនដល់ជនពិការចំនួន​ ៤៨៥នាក់ នៃសមាគមតន្ត្រីសំនៀងជនពិការ ដែលមានទីតាំងស្ថិតនៅភូមិជំរៅ​ សង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ពិធីចែកអំណោយសប្បុរសធម៌ ក្រោមអធិបតីភាព ព្រះអង្គម្ចាស់ក្សត្រីយ៍នរោត្តម បុប្ផារី ទីប្រឹក្សាផ្ទាល់ខុទ្ទកាល័យសម្ដេចព្រះមហិស្សរា ចក្រពង្ស អ្នកអង្គម្ចាស់នរោត្តម ចេនណា ព្រះនត្តាផ្ទាល់សម្ដេចព្រះមហិស្សរានរោត្ដម ចក្រពង្ស និងលោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាអនុប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ប្រធានសមាគមតន្ត្រីសំនៀងជនពិការ លោក សៀវ ម៉ីងស៊ីន ប្រធានអង្គការមូលនិធិសប្បុរសធម៌ឆឺជីប្រចាំកម្ពុជា និងអាជ្ញាធរស្ម័គ្រចិត្តឆឺជី ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាអនុប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចូលរួមឧបត្ថមថវិកាផ្ទាល់ខ្លួន៖
១.ឧបត្ថមថវិកា ២,០០០ ដុល្លារ (សម្រាប់ទិញឧបករណ៍ភ្លេងខ្មែរ ដើម្បីបង្រៀនដល់សមាជិក ជនមានពិការភាព។
២.ឧបត្ថមថវិកា ៥០០ ដុល្លារ (សម្រាប់រៀបចំតុ កុំព្យូទ័រ)
៣.ឧបត្ថមថវិកា ៥០០ ដុល្លា សម្រាប់បង់ថ្លៃទឹក-ភ្លើង(ថវិកាផ្ទាល់ និងថវិកាចូលរួមពីក្រុមការងារ និងបានលើកទឹកចិត្ត ដល់ការតស៊ូរបស់ក្រុមជនពិការ ដើម្បីរស់នៅក្នុងសង្គមដោយសេចក្តីថ្លៃថ្នូរ និងស្មើមុខស្មើមាត់ដូចមនុស្សមិនពិការដែរ ព្រមទាំងអំពាវនាវ ដល់សប្បុរសជន​ មេត្តាជួយឧបត្ថម្ភគាំទ្របន្ថែមទៀតដល់ជនពិការ ដើម្បីឈានទៅលុបបំបាត់ការរើសអើងចំពោះជនពិការនៅកម្ពុជា។

សូមបញ្ជាក់ថា អង្គការមូលនិធិសប្បុរសធម៌-ឆឺ ជី បានបង្កើតឡើងដំបូងនៅតៃវ៉ាន់ ជាមូលនិធិពុទ្ធសាសនាក្រៅរដ្ឋាភិបាល បង្កើតឡើងដោយ ពិក្ខុនី ចឹងយៀន ដោយស្មារតីបំពង់ឬស្សីសន្សំកុសល ដោយចាប់ផ្ដើមពីស្ត្រី ៣០នាក់ រួមគ្នាសន្សំទឹកចិត្តស្តួចស្តើងជារៀងរាល់ថ្ងៃដើម្បីជួយអ្នកដែលមានទុក្ខ ។ មកទល់បច្ចុប្បន្នដំណើរមនុស្សធម៌ ឆឺជីនេះ មានរយៈកាលជាង ៥៤ ឆ្នាំ ជំនួយបានជាង១០០ប្រទេស និង មានទីស្នាក់ការជាង ៦០ប្រទេស ស្មើនិង៦០០កន្លែង នៅទ្វីបទាំង៥។ ឆឺជី មានបេសកម្ម៤ធំៗ ១/ផ្នែកមនុស្សធម៌ ២/ផ្នែកសុខាភិបាល ៣/ផ្នែកសុជីវធម៌ ៤/ផ្នែកអប់រំ ។ឆឺជី អនុវត្តទៅការងារមួយគត់ គឺការសាបព្រោះគ្រាប់ពូជនៃសេចក្តីស្រឡាញ់ បំផុសក្តីស្រលាញ់របស់មនុស្សម្នាក់ៗដើម្បីជួយដល់អ្នកមានទុក្ខ និងគោរពសាសនាដើម្បីមនុស្សម្នាក់ៗរៀងៗខ្លួន។

ជាចុងក្រោយ លោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាអនុប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តាំផ្ញើរដល់ ពូ មីង បង ប្អូន កូនក្មួយ ជនមានពិការភាព ទាំងអស់ អោយសម្អាតខ្លួន លាងដៃ អោយបានស្អាត ដើម្បីទប់ស្កាត់ និងកាពារជំងឺ កូវីដ ១៩។