សម័យ Facebook…! មន្រ្តីធ្វើលិខិតឆ្លងដែនប្រចាំផ្សារ Aeon Mall ដែលបដិសេធមិនទទួលយកប្រាក់រៀល ក្នុងការស្នើសុំបំពេញបែបបទផ្តល់លិខិតឆ្លងដែន ត្រូវបានដកចេញហើយ!
រាជធានីភ្នំពេញ ៖ នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានសម្រេចដកលោកស្រីវរសេនីយ៍ទោ គ្រី ណារី ចេញពីស្នាក់ការលិខិតឆ្លងដែនប្រចាំផ្សារ Aeon Mall ខណ្ឌសែនសុខ មកនាយកដ្ឋានលិខិតឆ្លងដែនវិញ ដើម្បីត្រួតពិនិត្យ និងពិចារណាពីគោលការណ៍វិន័យរបស់អង្គភាព បន្ទាប់ពីមានករណីលោកស្រី បដិសេធមិនទទួលយករូបិយបណ្ណប្រាក់រៀល ក្នុងការស្នើសុំបំពេញបែបបទផ្តល់លិខិតឆ្លងដែនជូនប្រជាពលរដ្ឋ។
មន្រ្តីអ្នកនាំពាក្យរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានថ្លែងប្រាប់អោយដឹងនៅរសៀលនេះថា «ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានប្រជុំពិភាក្សា និងសម្រេចដកលោកស្រីវរសេនីយ៍ទោ គ្រី ណារី ចេញពីស្នាក់ការលិខិតឆ្លងដែនប្រចាំផ្សារ Aeon Mall ខណ្ឌសែនសុខ មកនាយកដ្ឋានលិខិតឆ្លងដែនវិញ ដើម្បីត្រូតពិនិត្យ និងពិចារណាពីគោលការណ៍វិន័យរបស់អង្គភាព ករណីលោកស្រីបដិសេធមិនទទួលយករូបិយប័ណ្ណប្រាក់រៀល ក្នុងការស្នើសុំបំពេញបែបបទផ្តល់លិខិតឆ្លងដែន»។
សូមបញ្ជាក់ថា ការសម្រេចដកមន្រ្តីរូបនេះ បានធ្វើវឡើងបន្ទាប់ពីមហាជនបានរិះគន់មន្ត្រីធ្វើលិខិតឆ្លងដែនខាងលើថាមិនទទួលយកលុយខ្មែរ។ ការមិនទទួលលុយខ្មែរនេះ គឺបន្ទាប់ពីប្រជាពលរដ្ឋ ដែលទៅធ្វើលិខិតឆ្លងដែន បានប្រគល់លុយ ៤០០,០០០រៀល តែមន្ត្រីធ្វើលិខិតឆ្លងដែនទារលុយ ៤២០ ០០០រៀល បណ្តាលឱ្យាមានការទាស់សម្តីគ្នា។
ក្រោយមក អ្នកធ្វើលិខិតឆ្លងក៏សួរថា ហេតុអ្វីតម្លៃហាងឆេងថ្លៃខ្លាំង? មន្ត្រីលិខិតឆ្លងដែន ក៏ចាប់ផ្ដើមខឹងលែងទទួលយកលុយខ្មែរ ដោយឱ្យពលរដ្ឋម្នាក់នោះ ទៅរកលុយដុល្លារមកប្រគល់ជូនតែម្តង៕