សមត្ថកិច្ចវាយខ្នោះបុរសម្នាក់ជាប្តីចិត្តខ្មៅ ប្រើអំពើហិង្សាលើប្រពន្ធរបួសទ្រោមខ្លួន នៅស្រុកជាំក្សាន្ត​​

ព្រះវិហារ៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់ឃាត់ខ្លួន​បញ្ជូនទៅតុលាការ បន្ទាប់ពីរូបគេបានប្រើអំពើហិង្សាយ៉ាងឃោរឃៅទៅលើប្រពន្ធខ្លួនឯង បណ្តាលឲ្យស្ត្រីរងគ្រោះរងរបួសយ៉ាងដំណំលេីផ្ទៃមុខ និងស្ទេីរពេញខ្លួនប្រាណ។

លោកវរសេនីយ៍ទោ​ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានថ្លែងប្រាប់ឲ្យដឹងនាល្ងាចថ្ងៃទី២៤​ ខែកញ្ញា​ ឆ្នាំ២០២០​ នេះថា​ ជនសង្ស័យជាប្តីដែលសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ​ នាង សុជា​ អាយុ៤១ឆ្នាំ មុខរបរកសិករ។ ចំណែកជនរងគ្រោះជាប្រពន្ធមានឈ្មោះ​ តេង ម៉ៅ​ អាយុ៤០ឆ្នាំ រស់នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត។

លោកអធិការស្រុកបានបញ្ជាក់ទៀតថា​ ហេតុការណ៍ហិង្សានេះបានកេីតឡេីងនាថ្ងៃទី២៣​ ខែកញ្ញា​ ឆ្នាំ២០២០ ដោយជនសង្ស័យជាប្តីបានទាត់ធាក់​ ថែមទាំងវាយនឹងខ្សែភ្លើង​យ៉ាងឃោរឃៅទៅលើប្រពន្ធ​ បណ្តាលឲ្យហើមពេញមុខ​មាត់ និងរលាត់ស្បែកបែកឈាមឆ្នូតៗ​ ឃេីញហេីយគួរឲ្យអាណិតអាសូរ។ លោកថា ដោយទទួលបានបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងជំនាញបានចុះទៅអន្តរាគមន៍ភ្លាមៗ រហូតឃាត់ខ្លួនជនដៃដល់ចាត់ការតាមច្បាប់។

លោកអធិការបានអះអាងថា​ ដេីមចមដែលបណ្ដាលឲ្យអំពេីហិង្សានេះ​កេីតឡេីង​ ​គឺដោយសារភ្លេីងប្រច័ណ្ឌ ខ្វះការគិតពិចារណាត្រឹមត្រូវ។

ក្រោយទទួលបានពាក្សបណ្តឹងពីស្ត្រីរងគ្រោះ កម្លាំងសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យជាប្តី​ និងបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត​ព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕