អាមេរិក៖ ១០០ដុល្លារក្នុង១ម៉ោងសម្រាប់ការមើលឆ្កែឲ្យភ្ញៀវនៅក្នុងហាងមួយ
ភោជនីយដ្ឋានមួយនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ផ្តល់ឱកាសការងារសម្រាប់អ្នកដែលស្រឡាញ់ចូលចិត្តឆ្កែ ដោយផ្តល់ប្រាក់បៀវត្ស ១០០ដុល្លារអាមេរិក ក្នុង១ម៉ោង សម្រាប់ការមើលថែទាំសុនខរបស់ភ្ញៀវ។
MUTTS Canine Cantina ទើបបើកសាខាថ្មីរបស់ខ្លួននៅក្រុង Fort Worth រដ្ឋតិចសាស់។ ហាងមួយនេះ ស្វាគមន៍អតិថិជនដែលនាំសុនខទៅជាមួយ។ ដើម្បីសម្រួលដល់អតិថិជនក្នុងបរិភោគអាហារ និងជជែកគ្នាដោយគ្មានការរំខាន ហាងថ្មីនេះ ក៏មានសេវាកម្មមើលថែទាំឆ្កែរបស់អតិថិជនទាំងនោះផងដែរ។
តាមរយៈសេចក្តីជូនដំណឹងនៅលើគណនី Instagram របស់ខ្លួន ហាង MUTTS Canine Cantina បានប្រកាសរកបុគ្គលិកជំនាញផ្នែកមើលថែទាំឆ្កែ តាមរយៈការផ្តល់ប្រាក់ចំនួន១០០អាមេរិកក្នុង១ម៉ោង។ បុគ្គជនដែលមានចំណាប់អារម្មណ៍អាចបង្ហោះរូបថត ឬវីដេអូ នៅលើ Instagram ផ្ទាល់ ដើម្បីបង្ហាញពីសកម្មភាព និងជំនាញមើលថែទាំឆ្កែរបស់ពួកគេ។
ជាមួយគ្នានេះ ហាង MUTTS Canine Cantina បានតម្រូវឲ្យបេក្ខជនដែលចាប់អារម្មណ៍ សរសេរពាក្យ #MUTTSpuptern និង Tag ទៅកាន់ @muttscantina ។ ហាងនឹងទាក់ទាញទៅកាន់បេក្ខជន ប្រសិនបើគេមើលឃើញថា អ្នកនោះ ពិតជាសក្តិសម និងមានសមត្ថភាពមើលថែទាំឆ្កែពិតប្រាកដមែន។
យោងតាម ABC News លោក Kyle Noonan ដែលជាម្ចាស់ហាង ចង់បង្កើតភាពទាក់ទាញដល់អតិថិជន។ បើទោះបីជាពួកគេស្រឡាញ់យ៉ាងណាក្តី ប៉ុន្តែពួកគេមិនអាចនៅជាមួយវាគ្រប់វិនាទីនោះឡើយ ជាពិសេសពេលចូលហាង ដូច្នេះពួកគេត្រូវការអ្នកជំនាញថែទាំដើម្បីឲ្យពួកគេបរិភោគ និងជជែកគ្នាដោយគ្មានការរំខាន។
ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីបាន១០០ដុល្លារក្នុង១ម៉ោង អ្នកថែទាំត្រូវតែមានសមត្ថភាពប្រឡែងលេងជាមួយឆ្កែ ពោលគឺមិនត្រូវទុកវាចោល ឬបណ្តោយឲ្យវាធ្វើអ្វីស្រេចតែនឹងចិត្តនោះឡើយ៕