លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ដឹកនាំកម្លាំងចុះសួរសុខទុក្ខមន្ត្រីនគរបាលចូលនិវត្តន៍ដែលសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន
សៀមរាប៖ នាព្រឹកថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អមដំណើរដោយលោក-លោកស្រីស្នងការរង លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ បានចុះសួរសុខទុក្ខ លោក ប៉ែន សាមី (អតីតនាយរងការិយាល័យសន្តិសុខផ្ទៃក្នុង) និងលោកស្រី ឡុង វណ្ណៈ (អតីតនាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន) ជាមន្ត្រីនគរបាលចូលនិវត្តន៍ទាំងពីរនាក់ប្ដីប្រពន្ធ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
លោកឧត្តមសេនីយ៍ទោ ស្នងការក៏បាននាំយកថវិកាចំនួន ២.៥០០.០០០រៀល រួមជាមួយនឹងគ្រឿងឧបភោគ បរិភោគ មួយចំនួន ប្រគល់ជូនលោក-លោកស្រីទាំងពីរ ក្នុងគុណបំណាច់ របស់លោក-លោកស្រីទាំងពីរ ដែលបានខិតខំបំពេញការងារ ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ អស់រយៈពេលជិត៤០ឆ្នាំ តាំងពីឆ្នាំ១៩៨០ រហូតដល់ថ្ងៃចូលនិវត្តន៍ ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានផ្ដាំផ្ញើលោក-លោកស្រីទាំងពីរអោយខិតខំបន្តថែរក្សាសុខភាព ធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិត និងជូនពរឱ្យលោក-លោកស្រីទាំងពីរ ឆាប់បានជាសៈស្បើយពីជំងឺ ៕