មេការក្រុមហ៊ុនចំការកៅស៊ូបៀនហៀក ម្នាក់ដេកស្លាប់នៅលើគ្រែក្នុងបន្ទប់, សមត្ថកិច្ចជំនាញសន្និដ្ឋានថា ស្លាប់ដោយសារជំងឺគាំងបេះដូង

(កំពង់ធំ)៖ បុរសជនជាតិវៀតណាមម្នាក់ មានតួនាទីជាមេមេការក្រុមហ៊ុនចំការកៅស៊ូបៀនហៀក ដេកស្លាប់នៅលើគ្រែក្នុងបន្ទប់ ដោយសារជំងឺគាំងបេះដូង ។ ដឺងកើតហេតុនៅវេលាម៉ោង ០៦ និង ៣០ នាទី ថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០២០ នៅចំណុចការដ្ឋានទី៤ ចំការកៅស៊ូបៀនហៀក ភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

សពឈ្មោះ HO KHAC QUY ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិវៀតណាម មុខរបរ មេការទី៥ ការដ្ឋានទី៤ ចំការកៅស៊ូបៀនហៀក នៅភូមិវាថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

សភាពនៃរឿង: តាមការបំភ្លឺរបស់ឈ្មោះ ងៀន អាញ់ជី ភេទប្រុស ២៩ឆ្នាំ ជនជាតិវៀតណាម ជាអ្នកធ្វើការជាមួយ បានបំភ្លឺថា៖ គាត់បានមកធ្វើការនៅក្រុមហ៊ុនកៅស៊ូបៀនហៀក ឃុំសាគ្រាម ជាមួយជនរងគ្រោះ ហើយដេកនៅក្នុងបន្ទប់ស្នាក់នៅលេខ ១០៧ ក្នុងការដ្ឋានទី៤ ដោយជនរងគ្រោះមានតួនាទីជាមេក្រុមទី៥ នៅថ្ងៃទី២៥.០៨.២០២០ ជនរងគ្រោះបានរៀបចំកម្មវិធីខួបកំណើតនៅកន្លែងធ្វើការ និងមានរៀបចំពិធីហូបចុកបន្តិចបន្តួច លោកប្រធានក្រុមហ៊ុនក៏ចូលរួមដែរ នៅវេលាម៉ោងប្រហែល១៩ គាត់មិនសូវស្រួលខ្លួនហូបតែស្រាបៀអស់ ១កំប៉ុងក៏ទៅសំរាកមុន ជនរងគ្រោះនៅផឹកស៊ីជាមួយក្រុមការងារដដែល លុះដល់ម៉ោងប្រហែល ២២ក៏បានឃើញជនរងគ្រោះដើរមករកកន្លែងដេក រហូតដល់ម៉ោងប្រហែល ៤ទៀបភ្លឺថ្ងៃទី២៦.០៨.២០២០ គាត់ក៏ក្រោកពីដេកដើម្បីទៅមើលកម្មករជៀជ័រកៅស៊ូតាមឡូត៏ ដល់ម៉ោងប្រហែល ៦:៣០នាទីក៏ត្រឡប់មកការដ្ឋានទី៤ វិញស្រាប់តែលឺអ្នកធ្វើការជាមួយប្រាប់ថាជនរងគ្រោះស្លាប់បាត់ទៅហើយ ។

តាមការបំភ្លឺរបស់ឈ្មោះ ងៀន វ៉ាន់ហ៊ាន ភេទប្រុស ៣៦ឆ្នាំ ជនជាតិវៀតណាម ជាអ្នកធ្វើការជាមួយ និងដេកគ្រែជាមួយជនរងគ្រោះ បានបំភ្លឺថា៖ គាត់ធ្វើការជាមួយជនរងគ្រោះ ហើយសម្រាកលើគ្រែជាមួយគ្នា នៅថ្ងៃទី២៥.០៨.២០២០ ជនរងគ្រោះបានរៀបចំកម្មវិធីខួបកំណើត មានអ្នកធ្វើការជាមួយចូលរួមផងដែរ ក៏នាំគ្នាផឹកស្រាបៀ និងជជែកគ្នាផ្សេងៗ លុះដល់ម៉ោងប្រហែល ២២.០០នាទី ជនរងគ្រោះរាងស្រវឹង ក៏ដើរទៅដេកលើគ្រែក្នុងបន្ទប់មុន ឯគាត់នៅផឹកបន្ត ដល់ម៉ោងប្រហែល ២២:៣០នាទី គាត់ឈប់ផឹក ហើយដើរទៅដេកលើគ្រែជាមួយជនរងគ្រោះ លុះព្រឹកឡើងថ្ងៃទី២៦.០៨.២០២០ វេលាម៉ោងប្រហែល ៣ទៀបភ្លឺគាត់បានទៅមើលកម្មករជៀជ័រនៅតាមឡូត៏ រហូតដល់ម៉ោងប្រហែល ៦:២៥នាទី ក៏ត្រឡប់មកវិញហើយចូលទៅដាស់ជនរងគ្រោះដើម្បីមកហូបបាយ តែជនរងគ្រោះស្លាប់បាត់ទៅហើយមិនដឹងពីពេលណាទេ គាត់ក៏ស្រែកហៅគេឲ្យជួយតែម្ដង ។

ទទួលព័ត៌មានភ្លាមសមត្ថកិច្ចជំនាញយើង សហការជាមួយលោកមេភូមិ នាយប៉ុស្ដិ៍រដ្ឋសាគ្រាម គ្រូពេទ្យ និងតំណាងក្រុមហ៊ុន ធ្វើការពិនិត្យសាកសព និងទីកន្លែងកើតហេតុ។
តាមការពិនិត្យ:នៅដងខ្លួនសាកសពយើងពុំឃើញមានស្លាកស្នាមគួរកត់សម្គាល់ឡើយ, ហើយបានធ្វើការសន្និដ្ឋានថា៖ ជនរងគ្រោះឈ្មោះ HO KHAC QUY បានស្លាប់ដោយសារជំងឺរបស់ខ្លួនឯង។
មូលហេតុ: គាំងបេះដូង ។
សូមបញ្ជាក់ផងដែលថា៖ សាកសពត្រូវបានក្រុមគ្រូពេទ្យរបស់ក្រុមហ៊ុនធ្វើការវះកាត់សសៃជើងខាងឆ្វេង ចាក់ថ្នាំចូលដើម្បីការពារមិនឲ្យហើមប៉ោង និងដេរផ្ជិតវិញចំនួន ៤ថ្នេរ។

បន្ទាប់ពីពិនិត្យចប់សព្វគ្រប់រួចហើយ សមត្ថកិច្ចជំនាញ យើងបានធ្វើកំណត់ហេតុប្រគល់សាកសពជូនតំណាងក្រុមហ៊ុនកៅស៊ូបៀនហៀក៕