សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣
នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ តាមប្រព័ន្ធវីដេអូ (video conference) ពីវិមានសន្តិភាព។
អញ្ជើញអម សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងកិច្ចប្រជុំព្រឹកនេះ មានសមាសភាព ឯឧ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង, ឯឧ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯឧ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯឧ ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯឧ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។
កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ ឆ្នាំ២០២០ នេះ គឺប្រទេសឡាវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ដែលមាន ឯឧ ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ និង ឯឧ លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ធ្វើជាសហប្រធាននៃកិច្ចប្រជុំ ក្រោមមូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម»។ ថ្នាក់ដឹកនាំទាំងអស់ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានស្របតាមទិសដៅនៃសេចក្ដីថ្លែងការណ៍សាន់យ៉ាឆ្នាំ២០១៦, សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញឆ្នាំ២០១៨ និងផែនការសកម្មភាពសម្រាប់រយៈពេល៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) កំណត់ទិសដៅអនាគតសម្រាប់ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាងទាំង៦ ដែលមាន ១)កម្ពុជា ២)ថៃ ៣)ឡាវ ៤)មីយ៉ាន់ម៉ា ៥)វៀតណាម និង ៦)ចិន ។
ភ្ជាប់មកជាមួយនេះ គឺជាបទអន្តរាគមន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៣។ ផង