ពិធីសម្ពោធអគារសិក្សា នៃសាលាមត្តេយ្យសិក្សាធនធានក្រុងបាត់ដំបង
ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៣ សីហា ២០២០ នៅសាលាមត្តេយ្យសិក្សាធនធានក្រុងបាត់ដបាត់ដំបងក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ ពិធីសម្ពោធអគារសិក្សា នៃសាលាមត្តេយ្យសិក្សាធនធានក្រុងបាត់ដំបងក្រោមជំនួយហិរញ្ញប្បទាន នៃក្រសួងការបរទេសជប៉ុន(MoFA) ដែលនេះគឺជាសមិទ្ធិផលមួយដ៏សំខាន់សម្រាប់បណ្ដុះបណ្ដាលដល់កុមារតូចដែលមានបរិស្ថាន និងសម្ភារ:សិក្សាគ្រប់គ្រាន់ស្របតាមស្តង់ដារនៃប្រទេសជឿនលឿនជាពិសេសគឺប្រទេសជប៉ុន។
ពិធីសម្ពោធអគារសិក្សានេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឱកាសនេះដែរឯកឧត្ដមបានថ្លែងអំណរគុណដល់ គ្រប់អង្គភាពពាក់ព័ន្ធ និងអង្គការដៃគូ ជាពិសេសដល់ម្ចាស់ជំនួយហិរញ្ញប្បទាន នៃក្រសួងការបរទេសជប៉ុន(MoFA) ដែលបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា សាងសង់សាលាមត្តេយ្យសិក្សាធនធាននេះឡើង លើសពីនេះឯកឧត្ដមបានមានប្រសាសន៍ថាអគារសិក្សាធនធាននេះគឺជាថ្នាលបណ្ដុះដល់ការរីកចម្រើនផ្នែកខួរក្បាលកុមារតូចដ៏ប្រសើរបំផុត ព្រោះថាខួរក្បាលកុមារប្រៀបដូចជាក្រដាសសមួយសន្លឹកកាលណាយើងលាបពណ៌អ្វីដំបូងទៅវានឹងដិតស្នាមរហូតដល់ពេញវ័យ ក្នុងន័យនេះគឺការអប់រំពីវ័យដំបូងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាបាននូវភាពជោគជ័យក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស។
បន្ទាប់ពីការសំណេះសំណាលរួច ឯកឧត្ដមបណ្ឌិត បានប្រគល់ប័ណ្ណសរសើរក្នុងការបំពេញការងារល្អ ជូនដល់បុគ្គលិកអប់រំ គណៈកម្មការសាលារៀន និងធ្វើដំណើរទស្សនកិច្ច បន្ទប់សិក្សា បណ្ណាល័យ និងទីធ្លាលេងល្បែងសិក្សាសម្រាប់កុមារផងដែរ៕