ក្រុមជួញដូរគ្រឿងញៀន ប្រដាប់ដោយអាវុធស៊េរីទំនេីប បាញ់តដៃជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន យ៉ាងក្ដៅគគុក នៅអគារខុនដូមួយកន្លែងក្នុងកោះពេជ្រ យប់មិញនេះ!
រាជធានីភ្នំពេញ ៖ ព្រឹកនេះទាំងសមត្ថកិច្ច និងអាជ្ញាធរ បានកំពុងបន្តឡោមព័ទ្ធចាប់មេក្លោងជួញដូរគ្រឿងញៀន ដែលប្រដាប់ដោយអាវុធស៊េរីទំនេីបបាញ់តដៃជាមួយសមត្ថកិច្ច នៅអគារមួយខុនដូមួយកន្លែងក្នុងកោះពេជ្រ នាយប់មិញនេះ។
សូមបញ្ជាក់ថា មានករណីផ្ទុះអាវុធបាញ់តគ្នារវាងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក១០) អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ជាមួយក្រុមជនល្មើសជាច្រើននាក់ ដោយចាប់ខ្លួនជនសង្ស័យបាន២នាក់ផងដែរ កាលពីយប់រំលងអធ្រាត្រថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចអាគារខុនដូរមួយកន្លែង ក្នុងទីក្រុងកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
នៅយប់មិញនេះ ក្នុងប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន សមត្ថកិច្ចបានឃាត់ខ្លួន បានជនសង្ស័យ២នាក់ ដែលជាជនជាតិបរទេស ខណៈមេក្លោង ដែលប្រដាប់ដោយអាវុធវែង/ខ្លីស៊េរីទំនេីប បាញ់តដៃជាមួយសមត្ថកិច្ចនោះ នៅមិនទាន់ឃាត់ខ្លួនបាននៅឡើយទេ។
បើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារយេីងបានឲ្យដឹងថា ពេលដែលកម្លាំងឆ្មក់ចូលបង្ក្រាបឃាត់ខ្លួនបានស្ត្រីជនសង្ស័យម្នាក់ ក្រុមជួញដូរគ្រឿងញៀនប្រដាប់ដោយកាំភ្លើងខ្លី និងវែង បានបាញ់មកលើក្រុមសមត្ថកិច្ចចំនួន៥គ្រាប់ ទេីបសមត្ថកិច្ចបាញ់តបតគ្នាទៅវិញទៅមកជាច្រេីនគ្រាប់ ដេីម្បីការពារនិងរំដោះគ្នាចុះមកក្រោមវិញ រួចបេីកការឡោមព័ទ្ធជុំវិញទីតាំងអាគារខុនដូរនោះដដែល ដេីម្បីរងចាំកម្លាំងជំនួយ និងកម្លាំងពិសេសចុះមកកន្លែងកេីតហេតុ ដូច្នេះហេីយស្ថានការណ៏ដ៏ក្ដៅគគុកនេះបានធ្វេីឲ្យមានការភ្ញាក់ផ្អេីលពេញកោះពេជ្រ ធ្វើប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់កោះពេជ្រ មានការភ្ញាក់ផ្អើល និងភ័យខ្លាចផងដែរ។
បន្ទាប់ពីហេតុការណ៍នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយលោកស្នងការរងនគរបាលរាជធានីភ្នំពេញ លោកស្នងការរងទទួលផែនគ្រឿងញៀន និងស្នងការរងទទួលផែនព្រហ្មទណ្ឌ រួមទាំងអាជ្ញាធរមូលដ្ឋានខណ្ឌចំការមន បានចុះមកបញ្ជាផ្ទាល់ផងដែរ ។
លោក ឃួង ស្រេង បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីតាំងកើតហេតុនោះថា តើមន្ទីរគ្រឿងញៀនត្រូវការបញ្ហាអ្វីខ្លះ? ដើម្បីឲ្យខ្ញុំជួយ ដូចជាយើងត្រូវបិទផ្លូវ ក្នុងតំបន់កោះពេជ្រ ដើម្បីពួនស្ទាក់ចាប់ជនល្មើស និងធ្វើយ៉ាងណារក្សាសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។
ប៉ុន្តែកិច្ចការងារនេះមានការផ្អើលបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងកោះពេជ្រ តែកិច្ចការងារនេះសូមបងប្អូនកុំមានការភ័យព្រួយបារម្ភ ព្រោះការងារនេះ ជាការងាររបស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលរាជធានីភ្នំពេញ ចុះបង្ក្រាបគ្រឿងញៀន ក៏មានការផ្ទុះអាវុធ តែបងប្អូនកុំមានការភ័យខ្លាច វាជាជំនាញរបស់មន្ទីរគ្រឿងញៀនចុះធ្វើប្រតិបត្តិការ។
លោកបន្តថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញយើង បានចុះមកទាន់ពេលវេលាដើម្បីជួយអន្តរាគមន៍ដល់មន្ទីរគ្រឿងញៀន ក្នុងការបង្ក្រាបបទល្មើសនេះ។ លោកបានបញ្ជាក់ថា នៅពេលក្រុមជនល្មើសបានរត់ភៀសខ្លួនទៅបាត់ ហើយកំពុងស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព និងតាមជំនាញបន្តទៀត ហើយយើងធ្វើយ៉ាងណា ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋមានសុវត្ថិភាពក្នុងការរស់នៅក្នុងរាជធានីភ្នំពេញ ហើយសូមអធ្យាស្រ័យដល់បងប្អូនដែលកំពុងរស់នៅក្នុងតំបន់កោះពេជ្រ ដោយសារមានបញ្ហានេះកើតឡើង មិនមែនជាបំណងប្រាថ្នារបស់រដ្ឋបាលរាជធានីភ្នំពេញ ហើយមិនមែនបង្កដោយមន្ទីរគ្រឿងញៀនដែរ ប៉ុន្តែគឺជាការបង្ក្រាបបទល្មើស ដោយជនល្មើសមានកាំភ្លើង បាញ់មកលើពួកយើងមុន ហើយក្នុងនាមសមត្ថកិច្ចត្រូវតែតដៃដើម្បីបង្ក្រាបបទល្មើសនេះឲ្យបាន ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ៕