បងប្អូនកូរ៉េទាំងពីរ ផ្ញើលិខិតរួមគ្នាទៅ IOC សុំសិទ្ធិរៀបចំកីឡាអូឡាំពិកឆ្នាំ ២០២៣
កូរ៉េខាងត្បូង និងខាងជើងបានព្រមព្រៀងគ្នានៅឯកិច្ចប្រជុំមួយនៅថ្ងៃទី២ ខែវិច្ឆិកា ដោយផ្ញើលិខិតទៅគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដើម្បីដាក់ដេញថ្លៃរួមគ្នាធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០៣២។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន នាទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី១៩ ខែកញ្ញា កន្លងមក កូរ៉េខាងជើងបានយល់ព្រមលើសំណើរបស់កូរ៉េខាងត្បូងដើម្បីដេញថ្លៃរួមគ្នាធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអូឡាំពិកឆ្នាំ២០៣២។
ក្រោយមកទៀតមន្ត្រីកីឡានៃប្រទេសបងប្អូនទាំងពីរក៏បានរៀបចំកិច្ចប្រជុំមួយដើម្បីពិភាក្សាពីវិធីសាស្ត្រពង្រីកការផ្លាស់ប្តូរកីឡារួមគ្នា។ ក្នុងជំនួបនោះពួកគេបានយល់ព្រមបង្កើតក្រុមកីឡារួមគ្នាមួយដើម្បីចូលរួមប្រកួតកីឡា Handball វិញ្ញាសាបុរសក្នុងកម្មវិធី World Championship នៅអាល្លឺម៉ង់ឆ្នាំក្រោយផងដែរ។
ប្រទេសជាប់របងទាំងពីរ ទទួលផលវិជ្ជមានច្រើនពីកីឡាអូឡាំពិករដូវរងាកន្លងទៅនៅទីក្រុងព្យុងឆាងប្រទេសកូរ៉េខាងត្បូង ដែលការចូលរួមរបស់កូរ៉េខាងជើងបានជួយបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េផងដែរ។
ភាពល្អប្រសើររវាងកូរ៉េទាំងពីរបានកើតឡើងផ្ទួនៗ។ ក្នុងការប្រកួតកីឡាអាស៊ី Asian Game នៅឥណ្ឌូណេស៊ីកន្លងទៅ ក្រុមកីឡាការិនីកូរ៉េតែមួយដែលរួមបញ្ចូលគ្នារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងអាចដណ្តើមបានមេដាយមាស១ និងសំរឹទ្ធ១ជាលើកដំបូងរបស់ពួកគេក្នុងប្រវត្តិសាស្ត្រទៀតផង។
សម្រាប់ការប្រជែងធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០៣២នេះដែរ ឥណ្ឌូណេស៊ីដែលដឹកនាំធ្វើម្ចាស់ផ្ទះកីឡាអាស៊ី ឆ្នាំ២០១៨ បញ្ចប់ដោយជោគជ័យក៏បានប្រកាសពីការដេញថ្លៃរៀបចំព្រឹត្តិការណ៍កីឡាលំដាប់ទី១ពិភពលោកនេះផងដែរ៕