ពិតជាខ្លាំងមែន យុវជន៤នាក់ជិះម៉ូតូពីរគ្រឿង ដេញយុវជន២នាក់ ផ្អើលខណ្ឌចំការមនទាំងយប់
យុវជន៤នាក់ ជាកូនខ្លាអាវុធហត្ថខណ្ឌដូនពេញ ជិះម៉ូតូឌ្រីមសង់ ២គ្រឿង មួយគ្មានស្លាកលេខ និងពាក់ស្លាកលេខក្លែងក្លាយគ្មានកញ្ចក់ គ្មានឯកសណ្ឋាន និងកាតសម្គាល់ខ្លួន ប្រដាប់ដោយវិទ្យុទាក់ទងID ជាប់និងចង្កេះ បានឌុបគ្នាប្រដេញតាមបុរស២នាក់ ពីក្នុងទឹកដីកោះពេជ្រ រហូតដល់មុខភោជនីយដ្ឋាន DOS ចោទថាជាជនសង្ស័យ (មិនមានបទល្មេីសអ្វីចោទប្រកាន់ច្បាស់លាស់) ផ្អើលពេញក្នុងសង្កាត់ទន្លេបាសាក់ ទេីបត្រូវបានកម្លាំងចម្រុះខណ្ឌចំការមន មានទាំងអាវុធហត្ថ និងនគរបាលខណ្ឌ និងប៉ុស្តិ៍ទន្លេបាសាក់ រួមទាំងស្មាត់P1 ចេញជួយអន្តរាគមន៍ ក៏ឃាត់ខ្លួននាំមកកាន់ប៉ុស្តិ៍នគរបាលធ្វើការសាកសួរនាំ….
កាលពីវេលាម៉ោង០០:៥០នាទីយប់ ររំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះ នៅមុខភោជនីយដ្ឋាន DOS លើផ្លូវសបិត ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យុវជនទាំង០៤នាក់ដែលអះអាងថាខ្លួនជាកូនខ្លារបស់អាវុធហត្ថខណ្ឌដូនពេញនោះ រួមមាន៖ ១.ឈ្មោះ លឹម ជីវ័ន្ត ហៅ ខួច អាយុ១៨ឆ្នាំ មុខរបរសិស្សថ្នាក់ទី១១ ស្នាក់នៅផ្ទះលេខ៣៩ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ទី២.ឈ្មោះ ហាក់ ភារ៉ា អាយុ២៨ឆ្នាំ មុខរបរអ្នកលក់ម៉ូតូ ស្នាក់ផ្ទះលេខ១០D ភូមិព្រៃទា សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ទី៣.ឈ្មោះ កែវ តារាសិរីវឌ្ឍ អាយុ២២ឆ្នាំ និស្សិតឆ្នាំទី៤ ។ ទី៤.ឈ្មោះ ទី វីរៈ អាយុ២០ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី១១ ស្នាក់នៅផ្ទះលេខ១០៨ ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ។
យោងតាមប្រភពព័ត៌មានពីបុរស២នាក់ដែលអះអាងថាខ្លួនជាជនរងគ្រោះបានប្រាប់អោយដឹងថា មុនកេីតហេតុ គឺរូបគាត់និងមិត្តភ័ក្តិបាននាំគ្នាអង្គុយផឹកស៊ីជុំគ្នានៅក្នុងមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ លុះដល់ម៉ោងកេីតហេតុក៏នាំគ្នាជិះម៉ូតូត្រលប់ទៅផ្ទះនៅក្រុងតាខ្មៅវិញ ខណៈពេលជិះចេញពីកោះពេជ្រ មកដល់ផ្លូវសបិត ទិសដៅពីជើងទៅត្បូង មកដល់ចំណុចកេីតហេតុ ស្រាប់តែលេចមុខយុវជនស្លៀកពាក់ស៊ីវិលមួយក្រុម មានគ្នា៤នាក់ខាងលើ បានជិះម៉ូតូ០២គ្រឿង(ម៉ាកហុងដាឌ្រីម C125 ពណ៍ខ្មៅ មួយគ្រឿងអត់ពាក់ស្លាកលេខ និងមួយគ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ 1HP-3288 ដែលជាស្លាកលេខក្លែងក្លាយ)
ប្រដាប់ដោយវិទ្យុទាក់ទង ID សៀតជាប់និងចង្កេះ បានប្រដេញតាមមកកៀងម៉ូតូពួកខ្លួនអោយអែបកៀន ហេីយពួកគេប្រាប់ថាខ្លួន ជាអាវុធហត្ថខណ្ឌដូនពេញ ដោយចោទប្រកាន់យុវជនទាំងពីរនាក់នោះថា ជាជនសង្ស័យ តែមិនដឹងថា សង្ស័យពាក់ព័ន្ធពីករណីអ្វីនោះទេ។
បុរសទាំងពីរនាក់ខាងលេីបន្តថា ដោយឃើញយុវជនទាំង៤នាក់ខាងលេី គ្មានឯកសណ្ឋាន និងកាតសម្គាល់ខ្លួនអ្វីទៀតនោះ ទេីបពួកគាត់ប្រកែកមិនព្រមសហការ
គាប់ជួនពេលនោះអតីតជេីងខ្លាំងឃេីញខាងប្រដេញ “រហ័សនាម P1” បានជិះម៉ូតូមួយគ្រឿងជាមួយប្អូនដេីរលេងមេីលគេមេីលឯង បានឃេីញក៏ជួយឃាត់សិន បង្កជាការភ្ញាក់ផ្អើលលឺដល់កម្លាំងអាវុធហត្ថខណ្ឌចំការមន
សហការជាមួយកម្លាំងល្បាតប៉ុស្តិ៍នគរបាលទន្លេបាសាក់ រួមទាំងកម្លាំងស៉ីវិលរបស់អធិការដ្ឋាននគរបាលខណ្ឌចំការមន
បានចុះទៅដល់កន្លែងកើតហេតុ រួចនាំខ្លួនជនទាំង៤នាក់ខាងលើ រួមទាំងបុរសដែលរងការចោទប្រកាន់ថាជាជនសង្ស័យនោះ យកទៅកាន់ស្នាក់ការប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដេីម្បីធ្វើការសាកសួរផងដែរ។
បន្ទាប់ពី សួរនាំនៅប៉ុស្តិ៍នគរបាល រួចរាល់ទេីបដឹងថា ជារឿងយល់ច្រឡំគ្នា ហើយក៏មាន វត្តមានកម្លាំងអាវុធហត្ថខណ្ឌដូនពេញបានចេញមុខសុំទោសចំពោះកំហុសកូនចៅខ្លួន ដោយមានការយោគយល់និងអធ្យាស្រ័យ សមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ ក៏បានធ្វើការអប់រំ និងអោយកម្លាំងអាវុធហត្ថខណ្ឌដូនពេញធានាខ្លួនយុវជនទាំងបួននាក់ត្រលប់ទៅវិញ។ (#ហង្សតូចMedia)