តារាចម្រៀង Original song ល្បីឈ្មោះ កញ្ញា នីគីនីគី (Nikki Nikki) ក្លាយជាឯកអគ្គរដ្ឋទូតសុឆន្ទៈឲ្យផលិតផលរ T&L

(ភ្នំពេញ​)៖​ តារាចម្រៀង​ Original song ល្បីឈ្មោះ កញ្ញា ​ នីគីនីគី (Nikki Nikki) បានទទួលឱកាសការងារថ្មីមួយទៀត​ ដោយកញ្ញាត្រូវបានក្រុមហ៊ុន​ Theara Leang Co.,LTD ជ្រើសរើសធ្វើជា​ឯកអគ្គរដ្ឋទូតសុឆន្ទៈ​ ឲ្យផលិតផលរបស់ខ្លួន​ គឺម៉ាក​ T&L ដែលកំពុងល្បីខ្លាំងនៅកម្ពុជា។

​ក្រុមហ៊ុន​ Theara Leang Co.,LTD បានរៀបចំកម្មវិធី​ប្រកាស​ ជ្រើសយក​នីគីនីគី​ធ្វើជាឯកអគ្គរដ្ឋទូតសុឆន្ទៈ​ ផលិតផលរបស់ក្រុមហ៊ុនខ្លួនជាលើកទី១​ធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង​ ព្រោះតែផលិតផល​ T&L របស់ក្រុមហ៊ុន​កំពុងតែដំណើរកា​រ​យ៉ាងជោគជ័យរួចទៅហើយនៅលើទីផ្សារកម្ពុជា​ នាពេលបច្ចុប្បន្ន​ ហេតុអ្វីត្រូវរើស​តារាស្រីរូបនេះ​ធ្វើជាឯកអគ្គរដ្ឋទូតសុឆន្ទៈ​ធ្វើអ្វីទៀត។

ទាក់ទងទៅនិងការប្រកាសជាសាធារណៈ​ក្នុងការរើស​ តារាចម្រៀង​ នីគីនីគី​ ធ្វើជាឯកអគ្គរដ្ឋទូតសុឆន្ទៈ​ របស់ក្រុមហ៊ុននេះ​ត្រូវបាន​អគ្គនាយិកាក្រុមហ៊ុន​ Theara Leang Co.,LTD លោកជំទាវ​ លាង​ ធារ៉ា​ ប្រាប់ឲ្យដឹងថា​ នេះជាលើកទី១ហើយ​ដែលក្រុមហ៊ុនប្រកាសទទួលយក​ កញ្ញា​ នីគីនីគី​ ធ្វើជាឯកអគ្គរដ្ឋទូតសុឆន្ទៈ​ ព្រោះហេតុផលថា​ កញ្ញាគឺជា​ អតិថិជន​ពិតប្រាកដ​របស់ផលិតផល​ T&L កញ្ញាបានប្រើប្រាស់ផលិតផលក្រុមហ៊ុនគ្រប់មុខ​ ហើយសុទ្ធតែទទួលបានលទ្ធផលល្អ​ កញ្ញាគឺ ជាតារាមួយរូបដែលមុនទទួលធ្វើជា​ឯកអគ្គរដ្ឋទូតសុឆន្ទៈ​ ក្រុមហ៊ុន​ណាមួយគឺ សម្រឹតសម្រាំងណាស់​ ហើយទាល់តែខ្លួនឯងបានដឹងបានយល់ពីគុណសម្បត្តិផលិតផលនោះច្បាស់ទើបកញ្ញាទទួលធ្វើតំណាង​ មិនមែនចេះតែទទួលធ្វើយកតែថ្លៃឈ្នួលនោះ​ទេ។

លោកជំទាវ​ បន្តទៀតថា​ ការដែលរើសឯកអគ្គរដ្ឋទូតសុឆន្ទៈ​ មិនមែនរើសត្រឹមតែស្អាតនិងល្បីទេ​ ពោលគឺត្រូវរើសថាគាត់បានប្រើនិងស្គាល់ផលិតផលយើងច្បាស់ទេ​ ធ្លាប់ប្រើទេ​ហើយទទួលបានលទ្ធផលយ៉ាងមិចដែរ​ ហើយមួយទៀតគឺ អត្តចរឹក​ និងចំណេះដឹងក៏ជារឿងសំខាន់​ ។ ហើយទាំងអស់នេះគឺ​ នីគីនីគី​ មានគ្រប់លក្ខខណ្ឌ​ ទើបលោកជំទាវសម្រេចរើសកញ្ញា​ ធ្វើជាឯកអគ្គរដ្ឋទូតសុឆន្ទៈ​របស់ក្រុមហ៊ុនតែម្តងទៅ។

ដោយឡែក​កញ្ញា Nikki Nikki ជាទូតសុឆន្ទ: តំណាងអោយផលិតផលប្រេន T&L បានបង្ហាញនូវការយល់ឃើញថា ការផ្តល់នូវកិត្តិយសពីក្រុមហ៊ុនT&L សម្រាប់រូបនាង​នាពេលនេះ គឺជាការសម្រេចនូវក្តីស្រម៉ៃ​ អាចក្លាយជាអ្នកតំណាងផលិតផលល្បីក្នុងស្រុក ហើយកញ្ញានឹងផ្សព្វផ្សាយពីភាពល្អៗ ដែលT&L មាន ទៅកាន់អ្នកគាំទ្រ តាមរយៈការសម្តែង និង បទចម្រៀងជាច្រើនរបស់កញ្ញា ។

លោកឧកញ្ញ៉ា ឌី ជោត អគ្គនាយកក្រុមហ៊ុន Theara Leang Co.Ltd​ បានលើកឡើងថា ភាពច្បាស់លាស់ត្រឹមត្រូវ និងផ្តល់នូវទំនុកចិត្តដល់អតិថិជន ក៏ដូចជាតំណាងចែកចាយរបស់ខ្លួន ដែលរួមដៃគ្នា ជាមួយគ្រួសារT&L កន្លងមក បានធ្វើអោយប្រេនក្នុងស្រុកមួយនេះអាចមានសមត្ថភាពពង្រីកខ្លួន​ បានយ៉ាងលឿនជាមួយនឹងគុណភាព ទំនុកចិត្ត និង បានជួយស្ត្រីជាមេផ្ទះជាច្រើនអោយមានការងារធ្វើ ដើម្បីបន្ថែមចំណូលចូលគ្រួសារ។

លោកបន្តថា ជាចក្ខុវិស័យរបស់ក្រុមហ៊ុន គ្រោងនឹងបង្កើតអោយមានជារោងចក្រផ្ទាល់ខ្លួន ក្នុងប្រទេសនាពេលឆាប់ៗខាងមុខនេះ​ ដើម្បីផ្គត់ផ្គង់ដល់អតិថិជន​ និងតំណាងដៃគូ​ចែកចាយទូទាំង25ខេត្តក្រុង ប្រមាណ១ម៉ឺននាក់៕