ក្រុមការងារចម្រុះបន្តចុះផ្អាកអាជីវកម្ម មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ បៀរហ្គាឌិន ០៣កន្លែង (បង្កប់ខារ៉ាអូខេ) ដែលល្មើសនឹងបញ្ជា និងសេចក្តីណែនាំ

សៀមរាប ៖ នាយប់ថ្ងៃច័ន្ទ ០៧កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោក ប្រធានមន្ទីរទេសចរណ៍ខេត្តបានដឹកនាំក្រុមការងារអធិការកិច្ចនៃមន្ទីរទេសចរណ៍ខេត្ត សហការជាមួយតំណាង រដ្ឋបាលក្រុងសៀមរាប និងអធិការដ្ឋានក្រុងសៀមរាប បានបន្តចុះផ្អាកសកម្មភាពទីតាំងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ បៀរហ្គាឌិន (មានបន្ទប់ខារ៉ាអូខេ) ០៣កន្លែង ដែលមានទីតាំងនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមិនមានច្បាប់អនុញ្ញាតអាជីវកម្ម ០២កន្លែង អាជ្ញាប័ណ្ណហួសសុពលភាព ០១កន្លែង និងលួចបើកអាជីវកម្មល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងដំណាក់កាលនៃការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី១៩។

ជាមួយគ្នានេះ ក្រុមការងារចម្រុះបានធ្វើកំណត់ហេតុ និងណែនាំអោយម្ចាស់អាជីវកម្មផ្អាកអាជីវកម្មរបស់ខ្លួន និងដាក់ពាក្យស្នើស៉ំច្បាប់នៅច្រកចេញចូលតែមួយរដ្ឋបាលខេត្ត និងអនុវត្តតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដើម្បីប្រែក្លាយទៅជាភោជនីយដ្ឋានអោយបានត្រឹមត្រូវ ទើបអាចបើកដំណើរការអាជីវកម្មបានវិញ។

បញ្ជាក់ : សូមម្ចាស់អាជីវកម្មបៀរហ្គាឌិនក្នុងខេត្តសៀមរាបទាំងអស់ អញ្ជើញដាក់ពាក្យស្នើស៉ំច្បាប់នៅច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត និងអនុវត្តតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដើម្បីប្រែក្លាយទៅជាភោជនីយដ្ឋាន ទើបអាចប្រកបអាជីវកម្មបាន៕