អភិបាលរាជធានីដាក់បញ្ជាទៅអាជ្ញាធរខណ្ឌ អោយមានវិធានការអោយបានធ្ងន់ធ្ងរ ចំពោះអ្នកចាក់ដីរំលោភលើប្រឡាយលូប្រាំ
រាជធានីភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានដាក់បញ្ជាទៅអាជ្ញាធរមានវិធានការអោយបានធ្ងន់ធ្ងរ ចំពោះអ្នកចាក់ដីរំលោភលើប្រឡាយលូប្រាំ អ្នកដែលបានរំលោភយកដីប្រឡាយជាច្រើនម៉ែត្រ ។ បើមិនកាយដីរំលោភលើប្រឡាយនេះទេរដ្ឋបាលរាជធានីភ្នំពេញនិងមានវិធានការ ដោយនឹងធ្វើពាក្យបណ្ដឹងទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
ការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង បែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២០ ក្នុងខណៈដែលលោកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលស្ថានីយលូប្រាំ ដែលបានសាងសង់រួចរាល់ ១០០% ។
នៅពេលចុះទៅពិនិត្យនោះដែរ ឃើញសកម្មភាពប្រជាពលរដ្ឋចាក់ដីផ្នែកខាងក្រោយហៀរលើប្រឡាយប្រហែលជិត១០ម៉ែត្រ ដោយដីរបស់ប្រជាពលរដ្ឋមានជម្រៅតែ១២ប៉ុណ្ណោះ ជាហេតុធ្វើឱ្យលោកអភិបាលរាជធានីសម្តែងក្តីមិនពេញចិត្តទៅនឹងទង្វើបែបនេះ ហើយលោកអភិបាលរាជធានីបានស្តីបន្ទោសទៅអភិបាលខណ្ឌ និងចៅសង្កាត់ដែលបណ្តែតបណ្តោយឱ្យប្រជាពលរដ្ឋចាក់ដីរំលោភលើប្រឡាយបែបនេះ ។
ពាក់ព័ន្ធនឹងបញ្ហាមានប្រជាពលរដ្ឋចាក់ដីហៀរមកលើប្រឡាយនេះដែរ លោកអភិបាលរាជធានី បានតម្រូវឱ្យកាយចេញវិញទាំងអស់ បើមិនធ្វើតាមទេ អាចប្រឈមនឹងផ្លូវច្បាប់ ៕