អនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបាគង នាំយកអំណោយចែកជូនដល់គ្រួសាររងគ្រោះស្លាប់ដោយសារលង់ទឹក

ស្រុកប្រាសាទបាគង ៖ កាលពីរសៀលថ្ងៃទី០៣ខែកក្កដា ឆ្នាំ២០២០ លោកស្រី ប៊ុន ទៀង អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបាគង តំណាង លោក សូរ ប្លាតុង អភិបាល ស្រុកប្រាសាទបាគង នឹងជា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានដឹកនាំក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ចុះសួរសុខទុក្ខ និងផ្តល់ជូនអំណោយ ដល់គ្រួសាររងគ្រោះស្លាប់ដោយសារ
លង់ទឹក កាលពីថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២០ ដែលសពឈ្មោះ ប៉ិន កក្កដា ភេទប្រុស អាយុ៧ឆ្នាំ មានសមាជិកគ្រួសារ០៤នាក់ រស់នៅ ភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ក្នុងនោះដែរ លោកស្រី អនុប្រធាន និងក្រុមការងារបានចូលរួមរំលែកទុក្ខដល់គ្រួសារសពនិងលើកទឹកចិត្តដល់ឪពុកម្តាយរបស់សពខិតខំរកស៊ីចិញ្ចឹមជីវិតនិងថែរក្សាកូនស្រីដែលកំពុងមានអាយុ៤ឆ្នាំកុំឲ្យទៅលេងនៅតំបន់ដែលមានទឹកដូចជាត្រពាំង ស្រះ ក្រឡុក ក្រែងលង់បាត់បង់ជីវិតដូចកូនប្រុសច្បងទៀត លើសពីនេះ លោកស្រីអនុប្រធានក៏បានក្រើនរំលឹកដល់ឪពុកម្តាយក៏ដូចជាអាជ្ញាធរភូមិឃុំ បន្តការពារនិងផ្សព្វផ្សាយពីជំងឺឆ្លងប្រភេទថ្មីកូវីដ១៩ ដែលរហូតមកដល់ពេលនេះមិនទាន់មានអ្នកជាសះស្បើយទាំងអស់ទូទាំងពិភពលោកនៅឡើយទេ ពិសេសថ្នាំវ៉ាក់សាំងការពារក៏មិនទាន់រកឃើញដែរ ។ ដូចនេះសូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនជៀសវាងឆ្លងរីករាលដល់មូលដ្ឋានដែលនាំឲ្យមានចំនួនអ្នកឆ្លងកាន់តែច្រើន។

អំណោយសប្បុរសធម៌របស់អនុសាខាផ្តល់ជូនរួមមាន៖ អង្ករ២៥គក្រ មី១កេស ភួយ១ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរ ចានសម្ល៥ ចានបាយ៥ ឆ្នាំងបាយ១ ចានស្រាក់១ វែកបាយ១ វែកសម្ល១ ចានស្រាក់១ វែកឆា១ ខ្ទះ១ ស្លាបព្រាបាយ៥ កន្ទេល១ កាបោយទឹក១ បំពង់ទឹកក្តៅ១ ចានដែក១ មុង១ ខ្នើយ១ កញ្ច្រែង១ និងថវិកា ២៦០,០០០រៀល ។

ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា!