អគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់មួយខ្នង ទាំងព្រឹកក្នុងស្រុកបាកាន
អគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់មួយខ្នង
ទាំងព្រឹកក្នុងស្រុកបាកាន
ពោធិ៍សាត់៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានភ្លើងឆេះទាំងស្រុង។ ហេតុការណ៍គ្រោះអគ្គីភ័យបានកើតឡើងនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅភូមិរំលេច ឃុំរំលេចស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពពីនគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងនៅរសៀលថ្ងៃទី២៦ មិថុនានេះថា ផ្ទះដែលត្រូវឆេះនោះថ្មក្រោមឈើលើទំហំ៧គុណ៩ម៉ែត្រ ប្រក់ក្បឿងក្រាលក្តា ជញ្ជាំងក្តានិង ផ្ទះបាយ១ខ្នង ចាក់សាបថ្មក្រោមជញ្ជាំងក្តាដំបូលប្រក់ស័ង្កសីទំហំ៤គុណ៥ ម៉ែត្រ។
ប្រភពដដែលបន្តថាម្ចាស់ផ្ទះរងគ្រោះឈ្មោះ ញឹម សារូ ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិរំលេច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។ បច្ចុប្បន្នម្ចាស់ផ្ទះទៅរស់នៅជាមួយកូនឈ្មោះ សៀន កូឡាប ភេទស្រី អាយុ២៩ឆ្នាំ នៅភូមិរហាទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
ប្រភពដដែលបន្ថែមថា ករណីនេះភ្លើងឆេះចេញពីក្នុងផ្ទះជ្រុងខាងត្បូងផ្ទះកែងខាងកើតព្រោះផ្ទះនេះម្ចាស់គាត់ចាក់សោរចោលពុំមានអ្នកនៅទេគាត់រស់នៅជាមួយកូនអស់រយៈពេល៦ឆ្នាំហើយ គាត់មកម្តងម្កាលពេលមានរវល់ ។
ក្នុងប្រតិបត្តិការជួយអន្តរាគមន៍កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្តអគ្គិភ័យ២គ្រឿង ប្រើទឹកអស់៣ឡាន។
សម្ភារ:ខូចខាតរួមមាន៖ ផ្ទះ១ខ្នង, ផ្ទះបាយ១ខ្នង, ថូរផ្កា១គូរ កំពស់១.៥០ម៉ែត្រ,តុតាឈើ៣គ្រាប់, គ្រែឈើ១គ្រឿង, ទូរឈើដាក់ខោអាវ២,ទូរដែកដាក់ចានឆ្នាំង១, តុឈើ១,ម៉ូតទ័រគ្រឿងឈើ១ឈុត, ហង្សទេឈើ១។មូលហេតុសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕