មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃឃាត់ខ្លួននាយការិយាល័យបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តតាកែវនិងនារីម្នាក់រួមនិងថ្នាំញៀន២គីឡូក្រាម
ខេត្តតាកែវ៖ នាយការរិយាល័យបទល្មើសគ្រឿងញៀននៃកងរាជអាវុតហត្ថខេត្តតាកែវនិងស្រ្តីម្នាក់ត្រូវបានកំលាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃចាប់ឃាត់ខ្លួនជាមួយវត្ថុតាងគ្រឿងញៀន២គីឡូក្រាមកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌ័មានជ័យ រាជធានីភ្នំពេញ រួចបន្តចុះសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោមការសំរបសំរួលនីតិវិធី ពីលោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានបន្តចុះទៅឆែកឆេរក្នុងលំនៅដ្ឋានរបស់ជនសង្ស័យចំនួនពីរទីតាំង៖
ទី១- នៅផ្ទះរបស់ជនសង្ស័យ ឈុន សុមេធា មុខរបរមន្ត្រីអាវុធហត្ថ ជានាយការិយាល័យបទល្មើសគ្រឿងញើន នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរីស្រុកអង្គរបូរី ខេត្តតាកែវ ដកហូតវត្ថុតាងបាន អាវុធខ្លីចំនួន០២ដើម(ប្រើហ្គាស់)និងជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង និងរុក្ខជាតិញៀន(កញ្ឆា)ក្រៀមចំនួន០២ស្បោង។
ទី២- នៅបន្ទប់ជួលរបស់ឈ្មោះ កេន ចាន់រី ភេទស្រី នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដកហូតវត្ថុតាងបាន ម៉ាស៊ីនកាមេរ៉ាសុវត្ថិភាពចំនួន០១គ្រឿង ស្លាកលេខម៉ូតូចំនួន០៣គ្រឿង និងកាតគ្រីម៉ូតូចំនួន០២សន្លឹក។បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមជាមួយវត្ថុតាងត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នាំខ្លួនយកទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕