បង្ក្រាបក្រុមប្លន់ប្រដាប់អាវុធបានចំនួន៦នាក់ នៅខណ្ឌច្បារអំពៅ, ដកហូតកាំភ្លើងខ្លី២ដើម, ម៉ូតូ៣គ្រឿង និងសម្ភារះមួយចំនួនទៀត

ភ្នំពេញ៖កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាប មុខសញ្ញាប្លន់ប្រដាប់អាវុធ និងជួញដូរគ្រឿងញៀន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ចំនួន៦នាក់ជាបន្ដបន្ទាប់ នៅខណ្ឌច្បារអំពៅ។

លោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យរដ្ឋបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះថា ការបង្ក្រាបនេះធ្វើឡើងនាយប់ថ្ងៃទី២៩ ខែឧសភា នៅចំណុចផ្ទះលេខ392 ផ្លូវលេខ367 ភូមិកណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ដែលពួកគេធ្លាប់ធ្វើសកម្មភាពកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០កន្លងទៅ។

នាយការិយាល័យរូបនេះ បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា និងមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជាអ្នកដឹកនាំប្រតិបត្តិការ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន អាវុធខ្លី ម៉ាក K59 ចំនួន២ដើម, ម៉ូតូចំនួន៣គ្រឿង, ទូរស័ព្ទចំនួន៥គ្រឿង និងម្សៅក្រាមពណ៍ស ចំនួន៥កញ្ចប់ធំ។ បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យ និងសម្ភារខាងលើ ឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕