មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួល នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះបានយល់ព្រមប្រគល់ប្រាក់ ចំនួន១,២០០ ដុល្លារបញ្ចប់រឿង
ខេត្តកណ្ដាល ៖ ក្រោយពីផ្ទុះការរិះគន់ លើបណ្ដាញសង្គមហ្វេសបុក បន្ទាប់ពីបុរសម្នាក់ ដែលជាម្ចាស់រថយន្តបាឡែន បានបង្ហោះ ពីការខកចិត្ត ចំពោះការបាត់បង់សម្ភារៈរថយន្តខ្លួន ដែលសមត្ថកិច្ចបានរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកអង្គស្នួល ។
ហ្វេសបុកឈ្មោះ Hok tanghong បានបង្ហោះ កាលពីថ្ងៃទី១៣ ខែឧសភា ម្សិលម៉ិញ អមជាមួយរូបភាពជាច្រើន និងមានខ្លឹមសារថា « នេះហើយឡានខ្ញុំ ដែលបានរក្សាទុក នៅក្នុងអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយពេលមកគ្រឿងពេញ ដល់ពេលមកដកឡានវិញ ស៊ីគ្រឿងអស់ សុំខ្លាចហើយលោកប៉ូលិសអើយ ធ្លាប់តែលឺគេថា អីឡូវជួបផ្ទាល់ខ្លួនឯងបានដឹង » ។
បន្ទាប់ពីផ្ទុះការរិះគន់ខ្លាំង ស្នងការនគរបាល ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៤ ខែឧសភានេះបានឱ្យដឹងថា ពាក់ព័ន្ធជាមួយ ករណីរថយន្តបាឡែន(ពណ៌ស) ដែលជួបគ្រោះថ្នាក់ ចរាចរណ៍ ហើយត្រូវបានរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ហើយបានបាត់សម្ភារៈមួយចំនួន ដូចជា ធុងទឹក ម៉ាញ៉េ ចង្កៀងមុខមួយគូរ ។
បញ្ហាខាងលើនេះ អង្គភាពអធិការដ្ឋាន នគរបាលស្រុកអង្គស្នួល ទទួលស្គាល់កំហុស លើកង្វះខាត នៃការគ្រប់គ្រង។ ចំណែកសម្ភារៈមួយចំនួន ដែលបាត់បង់ អធិការដ្ឋាន នគរបាលស្រុកអង្គស្នួល បានដោះស្រាយ ជាមួយម្ចាស់រថយន្តចំនួន១,២០០ ដុល្លារឲ្យទៅលោក ហុក តាំងហុង ម្ចាស់រថយន្តបាឡែនសំរាប់ជួយដល់ការបាត់បង់គ្រឿងរថយន្ត មួយចំនួនខណៈពេលរក្សាទុកនៅក្នុងបរិវេណអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។